ព័ត៌មានជាតិ

សង្សារ១គូ ត្រូវបានខ្មាន់កាំភ្លើងបាញ់រះជាច្រើនគ្រាប់ បណ្តាលឲ្យរងបួសធ្ងន់!

ភ្នំពេញ: គូស្នេហ៍មួយគូ បានរងរបួសធ្ងន់ បន្ទាប់ពីបានបើករថយន្តមួយគ្រឿងមកឈប់នៅខាងមុខផ្ទះជួលរបស់ខ្លួន ស្រាប់តែមានខ្មាន់កាំភ្លើងបានបើករថយន្តមួយគ្រឿងទៀតមកឈប់ក្បែរហើយបានដកកាំភ្លើងខ្លីបាញ់រះជាច្រើនគ្រាប់ទៅលើគូរស្នេហ៍មួយគូនោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ចំណែកឯខ្មាន់កាំភ្លើងបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍បាញ់យ៉ាងសេរីនិងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលអត់លេខ ខាងលិចផ្សារក្រមួនប្រមាណ២០០ម៉ែត្រ តាមបណ្តោយផ្លូវ១៩៧៤ ភូមិភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ សិង​ វិន​ ភេទ​ស្រី​ អាយុ​២៥ឆ្នាំ មុខរបរបម្រើការនៅក្នុងខារ៉ាអូខេមួយកន្លែង​ ស្នាក់នៅ​ផ្ទះ​ជួល​ កើតហេតុខាងលើ។ ទី២មានឈ្មោះ គង់​ វិន​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ មុខ​របរ​ជំនួញ ស្នាក់នៅ​ម្តុំ​ទួល​សង្កែ​ សង្កាត់ទួលសង្កែ ខណ្ឌ​ឫស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញគូសង្សារគូ បានបើករថយន្តមួយគ្រឿងម៉ាក តូយូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-5081 មកឈប់នៅត្រង់ចំណុចកើតហេតុដែលជាចក្រចូលបន្ទប់ជួលរបស់នារីជាសង្សារ ដោយមិនបានចុះពីលើរថយន្តនោះទេ។ ស្រាប់តែមួយសន្ទុះក្រោយមកក៏បានលេចមុខខ្មាន់កាំភ្លើងម្នាក់មិនស្គាល់អត្តសញ្ញាណបាន បើករថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ មិនចាំស្លាកលេខ បានបើក តាមបណ្តោយផ្លូវ១៩៧៤ ក្នុងទិសដៅពីលិចទៅកើត ហើយបានមកឈប់ទន្ទឹមនឹងរថយន្តរបស់ជនរងគ្រោះ រួចបុរសជាខ្មាន់កាំភ្លើងរូបនោះបានដកខ្លីមួយដើមមិនស្គាល់ម៉ាកបាញ់ទម្លុះរថយន្តរបស់ជនរងគ្រោះសំដៅបុរសនិងនារីរងគ្រោះខាងលើជាច្រើនគ្រាប់បណ្តាលឲ្យធ្លុះកញ្ចក់រថយន្តខាងស្តាំ ធ្លាយទៅចំនារីរងគ្រោះចំនួន៣គ្រាប់ (ចំដៃខាងឆ្វេងមួយគ្រាប់ និងចំស្មារខាងស្តាំចំនួនពីរគ្រាប់) និងបុរសរងគ្រោះរងរបួសចំស្មារខាងស្តាំចំនួនមួយគ្រាប់ និងធ្លាយចេញពីទ្វាររថយន្តខាងឆ្វេង ទៅចំទ្វារផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយគ្រាប់ ទើបបង្កឲ្យឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងចេញមកមើល។ ភ្លាមៗនោះខ្មាន់កាំភ្លើងរូបនោះបានបើករថយន្តគេចខ្លួនចេញពីកន្លែងតហេតុបាត់ស្រមោល។

បន្ទាប់មកជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានប្រជាពលរដ្ឋដឹកតាមរថយន្តតាកូម៉ាខាងលើទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។ ហើយនៅជុំវិញក្នុងករណីបាញ់រះខាងលើនេះយើងមិនទាន់មានការបញ្ជាក់ពីប្រភពណាមួយបាននោះទេ ថាបង្កឡើងដោយសារតែមូលហេតុអ្វីនៅឡើយ។

ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានចុះមកដល់ និងបានដើររើសក្បាលគ្រាប់ឃើញចំនួន៣គ្រាប់។ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បានយកក្បាលគ្រាប់ដែលបន្សល់ទុកពីខ្មាន់ទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវរកជនដៃដល់យកមកដាក់ទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់