ព័ត៌មានជាតិ

Ford កាច់សោជាប់ហ្គែ ស្ទុះទៅបុកធុងសាំងការ៉ាសTOTAL ក្រឡាប់ផ្ងារជើង សំណាងល្អ​មិនផ្ទុះ!

ភ្នំពេញ: ​បុរសម្នាក់បើករថយន្ត Ford មួយគ្រឿងចូលចាក់សាំងនៅស្ថានីយ៍ប្រេងTOTAL នៅពេលចាក់សាំងនិងគិតលុយរួចហើយ ភ្លេចខ្លួនកាច់សោជាន់ហ្គែ ស្ទុះទៅបុកធុងសាំង ក្រឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើលយ៉ាងច្រើន។

ហេតុការណ៍គ្រោះថ្នាក់គួរឲ្យភ្ញាក់ផ្អើលនេះ​​កើតឡើង​វេលាម៉ោង៦និង១០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភ:​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទន: TOTAL តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​គេឃើញមានរថយន្ត Ford ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 2H-9784 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ​តាមផ្លូវសហព័ទ្ធរុស្ស៊ី រួចកាច់ចង្កូតបត់ចូលចាក់សាំង បន្ទាប់ពីចាក់សាំងនិងគិតលុយរួចហើយ គាត់ក៏ច្រឡំជាន់ហ្គែ ថយន្តស្ទុះទៅបុករះទូជាប់ធុងចាក់ប្រេង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង​ តែមិនមានរងរបួសដល់មនុស្សនោះទេ ភ្លាមៗនោះគេឃើញបុរសដែលបើកទ្វារថយន្តខាងលើ លូនចេញតាមទ្វារមក រួចទាក់ទងហៅសាច់ញាតិឲ្យមកកន្លែងកើតហេតុដើម្បីជួយដោះស្រាយចេញសំណង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍ភ្លាមៗនោះបុរសដែលជាម្ចាស់រថយន្តបានសម្រួលជាមួយម្ចាស់ស្ថានីយ៍ប្រេងឥន្ទន: រួចព្រមសងថ្លៃការខូចខាត ទាំងស្រុង ហើយហៅអ្នកឈរមើលហេតុការណ៍ជួយរុញរថយន្តឡើងមកវិញ ទើបសមត្ថកិច្ចអនុញាតឲ្យកូនប្រុសម្ចាស់រថយន្ត បើកយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់