ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ លួចម៉ាស៊ីនសាប់ត្រចៀកខោ និងរបស់មានតម្លៃសរុបជិត ៤ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: ជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណ:ប្រើកម្មករឲ្យលើកសម្ភារ:និងម៉ាស៊ីនសាប់ត្រចៀកខោ ដាក់រថយន្តកូរ៉េមានឃ្លប់ ដឹកចេញទៅភ្នំពេញយកទៅលក់។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ និងធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨វេលាម៉ោង១០ និង៥០នាទីចំណុចរោងចក្រកាត់ដេរ HR.GRAN ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ WANG ZHE ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនស្នាក់នៅបណ្តោះអាសន្ន ក្នុងរោងចក្រ ភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ CHEN WEN JIAN ភេទប្រុស៥៤ឆ្នាំ ជនជាតិចិន ស្នាក់នៅបណ្តោះអាសន្នក្នុងរោងចក្រ ភូមិ ឃុំកើតហេតុខាងលើ ( ឃាត់ខ្លួន)។

នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា សម្ភារ:បាត់បង់រួមមាន ៖ ម៉ាស៊ីនសាប់ត្រចៀកខោអូតូតម្លៃប្រហែល បីមុនដុល្លារ និងក្រណាត់ខូវប៊យ១០រ៉ូល តម្លៃប្រហែល៥ពាន់ដុល្លារ។

តាមការបំភ្លឺពីសាក្សី បាននិយាយថា នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ ជនសង្ស័យ បានប្រើកម្មករនៅក្នុងរោងចក្របីនាក់ ដោយទី១.ឈ្មោះ ជិន វ៉ាន់ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទី២.ឈ្មោះ សុខ សម្បត្តិ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រែអំពិល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង៣.ឈ្មោះ កេត សុគន្ធ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រែអំពិល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឲ្យលើកសម្ភារ:ដូចខាងលើដាក់រថយន្តកូរ៉េ មានឃ្លប់ដឹកចេញទៅភ្នំពេញ ដោយឲ្យឈ្មោះ ជិន វ៉ាន់ថា ជិះលើរថយន្តទៅជាមួយអ្នកបើកបររថយន្ត មិនស្គាល់ឈ្មោះ ។ ពេលទៅដល់ម្តុំលូ៥ មានរថយន្តកូរ៉េឃ្លប់១គ្រឿងទៀត រង់ចាំផ្ទេរសម្ភារ:ខាងលើ លុះផ្ទេរសម្ភារ:រួចហើយ មានជនជាតិចិនម្នាក់ មិនស្គាល់ឈ្មោះ នៅលើរថយន្តនោះ បានហុចប្រាក់ចំនួន១០០ដុល្លារ ទៅឲ្យឈ្មោះ ជិន វ៉ាន់ថា រួចឈ្មោះ ជិន វ៉ាន់ថា ក៏បានជិះម៉ូតូឌុបត្រលប់មករោងចក្រវិញ។

ក្រោយមកនៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោ២ រសៀល ជនរងគ្រោះ បានបាត់សម្ភារ:ខាងលើ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលដីឥដ្ឋ បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីសួរនាំ៕

មតិយោបល់