ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នា ស្លាប់ និងរងរបួសធ្ងន់២នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូប៉ះគ្នាជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរ៍ណនេះ កើតឡើងនៅវេលាម៉ោង៩ និង២០នាទីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ ចំណុចភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រង់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ១ និង២។

ប្រភពពីសាក្សីបានប្រាប់ឲ្យដឹងថា នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ១គ្រឿង ម៉ាកសង់ C125 ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1D-7453 បើកបរដោយឈ្មោះ ប៊ុន ភ័ត្រា (រងរបួសធ្ងន់) ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រៃរងៀង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរ កសិករ បើកបរក្នុងទិសដៅពីត្បូងទៅជើង (កំពង់ត្រាំ ទៅថ្នល់ទទឹង) លុះដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាក ស្មាសវី ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អេង ប្រុញ (ស្លាប់នៅមន្ទីរពេទ្យ) ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរ កសិករ (ម៉ូតូគ្មានកញ្ចក់គ្មានមួក) បើកបរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅទិសខាងលិច។

តាមសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះ បណ្តាលមកពីអ្នកបើកម៉ូតូ ស្មាសវី ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ចំណែកម៉ូតូសង់ C125 បើកបរក្នុងល្បឿនលឿន ។

បច្ចុប្បន្នសព ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយពាក់ពន្ធ័ បានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់