Post News Media ព័ត៌មានជាតិ ផឹកស្រាបៀរអស់...

ផឹកស្រាបៀរអស់៣កំប៉ុង! ឆ្កឹះសោចូលទៅដេកបន្ទប់គេយ៉ាងរំភើយ ចុងក្រោយខ្នោះ

ភ្នំពេញ: យុវជនម្នាក់ជាប់ចោទសង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច ចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតបន្ទប់ជួលក្រុម២ ផ្លូវលំ ភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហួន ហ៊ន ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅ ខាងក្រោយផ្សារ កាណាសុធី ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិបារ៉ូង ឃុំ បារ៉ូង ស្រុកគិរីវង់ ខេត្តតាកែវ ។ ចំណែកម្ចាស់បន្ទប់ ឈ្មោះ សោ ណាម ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ EVC ស្នាក់នៅ ខាងផ្សារកាណាស៊ីធី មានស្រុក កំណើត ខេត្តកំពង់ចាម ។

តាមសាក្សីហេតុការណ៍ ស្ត្រីខាងលើបានឲ្យដឹងថា ខណ:ដែលម្ចាស់បន្ទប់ស្នាក់នៅខាងលើ២នាក់ បានចាកចេញទៅធ្វើការបាត់ គាត់នៅក្រោយគេ ដើរចេញមកឃើញបន្ទប់ជនរងគ្រោះមិនមានចាក់សោ រុញទ្វារអើតមើល ស្រាប់តែឃើញជនសង្ស័យកំពុងដេកលក់ ធ្វើតែមិនដឹង សួរអ្នកនៅក្បែរមិនមានអ្នកស្គាល់ សង្ស័យប៉ុនប៉ងចូលលួច តែងងុយដេកពេកលង់លក់ជ្រុល ឃើញសភាពមិនស្រួល ខ្ទប់ទ្វារខ្ទាស់សោពីក្រៅប្តឹងប៉ូលិសចាប់ខ្លួនតែម្តង។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ចាក់សោបន្ទប់ត្រឹមត្រូវហើយទៅធ្វើការបាត់ លុះនៅវេលាម៉ោងខាងលើមិត្តភក្តិទូរសព្ទប្រាប់មានជនសង្ស័យលបលួចចូលបន្ទប់ ទើបវិលមកវិញ នាំគ្នាប្តឹងប៉ូលិសចាប់ខ្លួនតែម្តង។

បើតាមសម្តីជនសង្ស័យវិញបានឲ្យដឹងថា ខ្លួនបានផឹកស្រាបៀរគ្នា២នាក់ អស់៦កំប៉ុង ៣កំប៉ុងម្នាក់ កាលពីយប់លុះដល់ព្រឹកឡើងងងុយដេកពេក ថាចូលទៅដេកបន្ទប់មិត្តភក្តិ បែរជាខុសបន្ទប់ទៅវិញ។

តែទោះជាជនសង្ស័យដោះសារបែបណាក្តី នៅម្តុំបន្ទប់ជួលខាងលើ ពុំមានអ្នកស្គាល់ឡើយ ហើយជនរងគ្រោះប្តឹងចោទប្រកាន់ ប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ទើបសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕

Loading...