Post News Media ព័ត៌មានជាតិ ម៉ូតូSL ជិះទៅ...

ម៉ូតូSL ជិះទៅបុករថយន្តព្រុសបើកបញ្ច្រាសទិស សំណងទៅឲ្យគេ១៥០ដុល្លារ!

ភ្នំពេញ: បុរសម្នាក់បើកបរ ម៉ូតូSLមួយគ្រឿងបើកក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលបើកចេញពីយានដ្ឋានបញ្ច្រាសទិសដៅចរាចរណ៍ បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខយានដ្ឋានជួសជុលរថយន្តយីហោ នាគវ័ន តាមបណ្តោយផ្លូវ១៣២ ជាប់និងរបងវត្តនាគវ័នផ្នែកខាងកើត ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសបើកបរម៉ូតូមួយគ្រឿងម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-9701 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៣២ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុក៏បានអកហ្សើនឹងរថយន្តមួយគ្រឿងទៀតម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-4089 ដែលបើកបរដោយបុរសម្នាក់ ចេញមកពីក្នុងយន្តដ្ឋានជួសជុលរថយន្តខាងលើ ដោយបើកបញ្ច្រាសទិសដៅចរាចរណ៍ បង្កឲ្យម៉ូតូជ្រុលបុករថយន្តចំខាងមុខពេញទំហឹងបណ្តាលឲ្យម៉ូតូរងការខូចខាតបន្តិចបន្តួច រីឯអ្នកបើកបររងរបួសស្រាល ចំណែកឯរថយន្តរងការខូចខាតបែកកាងផ្នែកខាងមុខ។

ក្រោយពេលកើតហេតុភាគីទាំង២បានប្រកែកយកត្រូវរាងៗខ្លួន តែដោយភាគីខាងម៉ូតូមិនចង់មានរឿងវែងឆ្ងាយក៏ព្រមចេញសំណងចំនួន១៥០ដុល្លារឲ្យទៅភាគីខាងរថយន្តដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

Loading...