ព័ត៌មានជាតិ

ម្ចាស់មិននៅបើកភ្លើងទុកចោល ទុស្សេចរន្តអគ្គិសនីឆេះខ្ទេចគ្មានសល់!

ព្រះវិហារ: លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារទទួលផែនសេនាធិកា បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅធ្វើការអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ សូ សារី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិកើតហេតុខាងលើ ហើយអគ្គិភ័យនេះ បានឆាបឆេះបំផ្លាញផ្ទះដែលមានទំហំ ៧គុណ៩ម៉ែត្រ អស់ទាំងស្រុង ម៉ាស៊ីនតាប ចំនួន១, ម៉ាស៊ីនវៀល និងម៉ូទ័ររបស់ជាងមួយចំនួនទៀត និង ឈើប្រណិតប្រហែល ១គីបកន្លះ ។

ក្នុងនោះ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន២ឡាន ទើបរលត់ទៅវិញ ហើយករណីនេះកើតឡើងខណ:ដែលជនរងគ្រោះមិននៅផ្ទះបានបើកភ្លើងទុកចោល ទើបបានជាឆេះអស់ទាំងស្រុងទាំងម្តង ដោយសមត្ថកិច្ចសង្ស័យថា បណ្តាលមកពីការទុស្សេចរន្តអគ្គិសនី៕

មតិយោបល់