ព័ត៌មានជាតិ

និស្សិតIT សាកលវិទ្យាល័យ ស៊ីតិចម្នាក់ បែកគំនិតលួចកាបូបលុយជាង១ពាន់ដុល្លារ រត់មិនរួចជាប់ខ្នោះ!

​ភ្នំពេញ: បុរសជនសង្ស័យជានិស្សិតឆ្នាំទី២ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួច យកកាបូបលុយមួយដែលមានលុយប្រមាណជាជាង១ពាន់ដុល្លារ បន្លំលួចយកពីកន្លែងលក់អីវ៉ាន់មួយកន្លែងបានហើយ ជិះម៉ូតូរត់ដោយអត់មានពាក់មួកសុវត្ថិភាព ក៏ត្រូវបាននគរបាលចរាចរណ៍ហៅសួរនាំ ខណ:នោះក៏ត្រូវនារីជាម្ចាស់ជិះតាមទាន់ និង ប្តឹងឲ្យចាប់នោះ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅជំណុចផ្ទះលក់ចាប់ហួយលេខ ៥ ផ្លូវលេខ ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ លីម គីមហេង អាយុ ២១ឆ្នាំ មុខរបរជានិស្សិតរៀន នៅសាកលវិទ្យាល័យ ស៊ីតិច ផ្នែកIT ឆ្នាំទី២ ស្នាក់នៅផ្ទះលេខ ១១ ផ្លូវលេខ ៣៥៦ ក្នុងសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកឯនារីរងគ្រោះមានឈ្មោះ លីម ស្រីស្រស់ អាយុ២៤ឆ្នាំ មុខរបរលក់ដូរ សនាក់នៅផ្ទះលេខ ៥ ផ្លូវលេខ ៤៣០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។ មុនពេលកើតហេតុ បុរសជាជនសង្ស័យម្នាក់ខាងលើបានជិះម៉ូតូម៉ាក កូនទា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CV-9987 មួយគ្រឿង ចូលទៅរកទិញថ្នាំដុសធ្មេញ ពេលនោះនារីរងគ្រោះក៏បានចូលទៅយកឲ្យ ពេលនោះរូបគេក៏បានដើរចូលទៅក្នុងផ្ទះនិងលួចយកកាបូបដែលមានលុយខ្មែរ និង លុយដុល្លារចំនួនជាង១ពាន់ដុល្លារដែលទុកនៅលើតុក្នុងផ្ទះយកទៅបាត់។

តាមប្រភពដដែលបានប្រាប់ទៀតថា ពេលនោះនាងក៏បានយកថ្នាំដុសធ្មេញមកឲ្យ ក៏ស្រាប់តែបាត់ទាំងកាបូបលុយ និងបុរសជាអ្នកទិញ ហើយនាង ក៏បានទាញម៉ូតូហៅក្មួយស្រីម្នាក់ទៅជាមួយដើម្បីរក ក៏ស្រាប់តែបានប្រទះឃើញរូបគេត្រូវបានប៉ូលិសចរចរណ៍ កំពុងតែហៅឃាត់សួរនាំរឿងមិនពាក់មួយសុវត្ថិភាពនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ក៏ប្តឹងឲ្យចាប់ឃាត់ខ្លួនជាប់តែម្តង។

ក្រោយពេលកើតហេតុ បុរសជាជនសង្ស័យ និង កាបូបលុយរបស់នារីរងគ្រោះត្រូវបាននាំមកកាន់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីធ្វើការសួរនាំ និងធ្វើការប្រគល់កាបូបលុយ និង លុយជាង ១ពាន់ដុល្លារនោះទៅឲ្យជនរងគ្រោះវិញផងដែរ។ ចំណែកឯជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់