ព័ត៌មានជាតិ

កម្មការិនីរោងចក្រម្នាក់ ជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: សមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួននារីម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ណូ គីមស្រៀង ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០១៨ ។

ជនសង្ស័យ ឈ្មោះ ណូ គីមស្រៀង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី មានទីលំនៅបច្ចុប្បន្ន ភូមិឃុំខាងលើ។

វត្ថុតាងចាប់បាន រួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៥កញ្ចប់ ក្នុងនោះ កញ្ចប់ធំ ចំនួន១កញ្ចប់ មធ្យមចំនួន១ កញ្ចប់ តូចចំនួន៣ កញ្ចប់ និងឧបករណ៍វេចខ្ចប់មួយចំនួន។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ណូ គីមស្រៀង ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមៗនោះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានចុះទៅដល់ចំណុចកើតហេតុ ដោយធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ណូ គីមស្រៀង បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ បានឆ្លើយសារភាពថា គ្រឿងញៀន (ម៉ាទឹកកក) ចំនួន ១កញ្ចប់ធំ ខ្លួន បានទិញពីបុរសម្នាក់ មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ រាជធានីភ្នំពេញ តម្លៃ ៤៥០,០០០៛ (សែសិបប្រាំម៉ឺនរៀលគត់) ដើម្បីយកទៅលក់បន្តក្នុង១កញ្ចប់ តម្លៃ ៥ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់