ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចនិងទទួលផលចោរកម្ម!

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនក្នុងករណីលួចម៉ូតូនិងទទួលផលចោរកម្ម។

ករណីឃាត់ខ្លួនជនង្ស័យខាងលើនេះកាលពីថ្ងៃទី២៧ ខែ កុម្ភ: ឆ្នាំ ២០១៨ វេលាម៉ោង៧និង១០នាទីយប់ នៅចំណុចបន្ទប់ជួល ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់នោះទី១ឈ្មោះ ភន ភា ហៅហៀរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ជាអ្នកលួចនិងមានសារធាតុញៀន)។ ទី២ឈ្មោះ អ៊ិត បូរិន ហៅ ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាអ្នកទិញយកទៅលក់បន្តទៀត(ទទួលផល)។
ចំណែកជនរងគ្រោះឈ្មោះ ញន សារួន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រដេរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កន្លងមកខ្លួននិងជនសង្ស័យបានជួលបន្ទប់ស្នាក់នៅក្បែរគ្នានិងស្គាល់គ្នា ហើយជនសង្ស័យធ្លាប់ខ្ចីម៉ូតូរបស់ខ្លួន១គ្រឿងម៉ាក ស៊ុយស៊ីគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1CL 4096 ជាច្រើនដង។ ក្រោយមកជនសង្ស័យក៏ប្រើល្បិចយកកូនសោទៅចម្លងទុកនៅនិងខ្លួន លុះដល់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១២យប់ រំលងអធ្រាត្រ ជនសង្ស័យបានយកកូនសោដែលខ្លួនចម្លងទុកនោះទៅចាក់ម៉ូតូរបស់ជនរងគ្រោះដែលទុកនៅក្បែជណ្តើរ រួចបណ្តើរចេញហើយក៏ជិះយកទៅឲ្យឈ្មោះ អ៊ិត បូរិន ហើយជនសង្ស័យឈ្មោះអ៊ិត បូរិន យកទៅលក់បានតម្លៃ៤៥០ដុល្លារ ស៊ីចាយអស់។ លុះដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨វេលាម៉ោងខាងលើ ជនរងគ្រោះបានឃើញជនសង្ស័យក្នុងបន្ទប់ក៏រាយការណ៍មកសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់