Post News Media ព័ត៌មានជាតិ រថយន្តស៊េរីទំ...

រថយន្តស៊េរីទំនើបTUNDRA ប៉ះឡិចស៊ីសហើយបើករត់ គេជិះដេញតាមបែរជាដកកាំភ្លើងភ្ជង់!

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកTUNDRA ពណ៌ខ្មៅមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ រួមទាំងមានស្ត្រីម្នាក់រួមដំណើរផងដែរ បានបើកទៅប៉ះជាមួយនិងរថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំរួចហើយ បើករត់ ដល់ម្ចាស់គេជិះដេញតាមទាន់បែរជាយកកាំភ្លើងខ្លីមកភ្ជង់គំរាមទៅវិញ។

ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះរថយន្តរបស់គាត់មួយគ្រឿងម៉ាកឡិចស៊ីស
RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-4190តែម្នាក់ឯង លុះមកដល់ម្តុំកៅដាយ ក៏ត្រូវបានរថយន្តម៉ាក TUNDRA ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ មួយគ្រឿង ជិះគ្នា២នាក់ប្តីប្រពន្ធ ក៏បានបើតបត់ទៅបុករថយន្តរបស់គាត់ចំពីចំហៀងខាងស្តាំ បណ្តាលឲ្យកំពិត និងរងការខូចខាតយ៉ាងដំណំ ដោយអ្នកបើកបរមិនបានឈប់ដោះស្រាយគ្នាទេ មិនតែប៉ុណ្ណោះ ថែមទាំងបើករថយន្តរត់ទៀត។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលដែលរថយន្តម៉ាក TUNDRA មួយគ្រឿងនោះបើកបុករថយន្តរបស់គាត់ហើយមិនឈប់ដោះស្រាយគ្នានោះ រូបគាត់ក៏បើកតាមទាន់នៅលើផ្លូវលេខ ២៧១ ក៏ស្រាប់តែបុរសអ្នកបើកបររថយន្តនោះ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមមកភ្ជង់គំរាមរូបគាត់ទៀត។ ដេញរហូតមកដល់ចំនុចភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់ទើបរូបគាត់ស្រែកឲ្យនគរបាលចរាចរណ៍ដែលនៅឈរជើងទីនោះ ជួយឃាត់រថយន្តមួយគ្រឿងនេះបាន និងរាយការណ៍ទៅប្រាប់កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យឲ្យចុះមកធ្វើការឃាត់ខ្លួនបុរសម្នាក់នោះ និង ឆែកឆេរកឃើញតែបង់តែប៉ុណ្ណោះ ចំណែកឯកាំភ្លើងត្រូវបានគេលាក់បាត់ ផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យក៏បាននាំខ្លួនបុរសជាជនដៃដល់ និង រថយន្តទាំង២គ្រឿង យកទៅធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តម៉ាក TUNDRA ព្រមចេញសងថ្លៃជួសជុលទៅដល់ភាគីរថយន្តឡិចស៊ីសRX300 បញ្ចប់រឿង ដោយមិនបានគិតពីរឿងយកកាំភ្លើងទៅភ្ជង់គេឡើយ៕

Loading...