ព័ត៌មានជាតិ

លួចគេបានវាគ្រាន់ ពេលគេទាន់វាក្រែលអ៊ីចឹង!..

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់និងវាយឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីរូបគេបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូគេទុកនៅមុខបន្ទប់ជួល។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខបន្ទប់ជួលលេខ៩ ផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ច័ន្ទ ដារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខខ៩៥ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកដើមបណ្តឹងជាម្ចាស់ម៉ូតូឈ្មោះ ទុយ ហង់ ភេទប្រុសអាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបណ្តើរម៉ូតូរបស់ខ្លួន១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN.0077 យកមកទុកនៅមុខបន្ទប់ជួល ហើយជនរងគ្រោះក៏ដើរទៅក្នុងបន្ទប់វិញបានមួយភ្លែត គាត់ក៏ចេញមកវិញ ស្រាប់តែឃើញជនសង្ស័យធ្វើសកម្មភាពកាច់សោ.កម៉ូតូគាត់ជិះចេញទៅបានប្រហែល១០ម៉ែត្រ គាត់ក៏ស្រែកថាចោរៗ ភ្លាមនោះក៏មានប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់ជនសង្ស័យបានវាយឡើងទ្រោមខ្លួនទើប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលក្រោយ៕

មតិយោបល់