Post News Media ព័ត៌មានជាតិ បើករថយន្តស៊េរ...

បើករថយន្តស៊េរីទំនើប ឡង់គ្រឺស័រស្លាកលេខ ភ្នំពេញ 2BB-9798 ឆ្លងផ្លូវ ត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: បុរសម្នាក់បើករថយន្តឡង់គ្រឺស័រស៊េរីទំនើបមួយគ្រឿង ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានយុវជន៣នាក់ជិះម៉ូតូមួយគ្រឿង បុកចំផ្នែកខាងក្រោយបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវប្រឡាយលូទឹកស្អុយផ្លូវលេខ១០៥ កែងនិងផ្លូវលេខ៤៣២ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តឡង់គ្រឺស័រ ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB-9798 បើកបរតាមបណ្តោយផ្លូវលេខ៤៣២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CA-1067 ជិះដោយយុវជន៣នាក់ តាមបណ្តោយផ្លូវលេខ១០៥ទិសដៅពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្លូតទៅបុករថយន្តចំផ្នែកខាងក្រោយខាងស្តាំរងការខូចខាតតិចតួច។ ចំណែកយុវជន៣នាក់នោះវិញ បានរងរបួសសន្លប់ស្តូកស្តឹងម្នាក់ ត្រូវបានមិត្តភក្តិយកទៅសង្គ្រោះដោយខ្លួនឯង រីឯ២នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីម៉ូតូចេញសំណងទៅខាងភាគីរថយន្តចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Loading...