ព័ត៌មានជាតិ

អាសូរ! ក្មេងប្រុស២នាក់បងប្អូន ចុះលេងទឹកស្រះលង់ស្លាប់!..

បាត់ដំបង: លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា ថ្ងៃសុក្រ ខែ ផល្គុន ឆ្នាំ រកា នព្វ.ស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី នៅត្រង់ចំណុចស្រះទឹក ក្នុងដីចម្ការរបស់ឈ្មោះ ឌៀល ភេទប្រុស ក្នុងក្រុមទី ២៩ ភូមិ អូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីក្មេងប្រុសចំនួន២នាក់ បានលង់ទឹកស្លាប់។

ជនរងគ្រោះមានឈ្មោះ ឡុង ស៊ីវឡី ភេទប្រុស អាយុ១១ឆ្នាំ មានទីលំនៅ ភូមិ អូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ ឃុន វ៉ាន់យុទ្ធ ភេទប្រុស អាយុ៩ឆ្នាំ មានទីលំនៅ ភូមិ អូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមការបញ្ជាក់របស់ឈ្មោះ ឡុង ចាន់រិទ្ធ ភេទប្រុសអាយុ ៤០ឆ្នាំ ដែល ត្រូវជាឪពុកបង្កើត ថា នៅថ្ងៃកើតហេតុវេលាម៉ោង១២និង៣០នាទី កូនរបស់ខ្លួនបានបាត់ពីផ្ទះ រហូតដល់ម៉ោង៣រសៀល ត្រូវបានប្រជាពលរដ្ឋប្រាប់ថា កូនរបស់ខ្លួនលង់ទឹកស្រះស្លាប់បាត់ហើយ។ ហើយខ្លួនក៏ទៅមើលឃើញកូនស្លាប់មែន តែត្រូវបានប្រជាពលរដ្ឋនៅទីនោះជួយស្រង់និងសង្រ្គោះដែរតែជួយមិនបាន។

តាមការបញ្ជាក់របស់ក្មេងប្រុសដែលបានទៅលេងទឹកនៅស្រះជាមួយគ្នាថា ពួកខ្លួនមានគ្នាចំនួន៤នាក់ បាននាំគ្នាទៅលេងទឹកស្រះក្នុងចម្ការពីក្រោយអាងចិញ្ចឹមក្រពើ ដោយនាំគ្នាជិះធុងជរ័មួយ ពេលនោះស្រាប់តែក្រឡាប់ធុងតែម្ដង ដោយពួកខ្លួន២នាក់ហែលរួច២នាក់ទៀតលិចបាត់ ខ្លួនក៏រត់ទៅប្រាប់អ្នកភូមិឲ្យជួយ។

ក្រោយពីបានធ្វើការពិនិត្យទីកន្លែងកើតហេតុ និងសាកសពរួច យើងក៏បានប្រគល់សាកសពឲ្យឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់