Post News Media ព័ត៌មានជាតិ រឿងប៉ុណ្ណឹងសោ...

រឿងប៉ុណ្ណឹងសោះ! វាយគ្នាហើមមុខ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៏..

ភ្នំពេញ: បុរស២នាក់ បានវាយតបគ្នាតាមដងផ្លូវ បណ្តាលឲ្យរងរបួសទាំងសងខាង ដោយសារតែការបើកបរខ្វះការអធ្យាស្រ័យ និងទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច។

ហេតុការណ៍ខាងលើ នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥៩៨ កែងនឹងផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ឲ្យដឹងដែរថា នៅមុនពេលកើតហេតុ គេឃើញបុរសដែលជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាម៉ូវ ពណ៌ស ពាក់ស្លាកលេខ នគរបាល1-0706 និងនារីជាប្រពន្ធរួមដំណើរពីក្រោយ ដោយធ្វើដំណើរចេញមកពីផ្ទះបងនៅម្តុំពោធិ៍ចិនតុង ហើយបំណងជិះត្រឡប់ទៅផ្ទះនៅក្បែរកន្លែងកើតហេតុ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បម្រុងបត់ឆ្វេងទៅផ្លូវ៥៩៨។ ស្របពេលនោះមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា អាយខន ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ1W- 4953 ជិះដោយបុរសម្នាក់ទើបតែចេញមកពីផ្ទះមិត្តភក្តិនៅម្តុំបឹងទំពុន ហើយបំណងជិះទៅផ្ទះនៅក្បែរកន្លែងកើតហេតុក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏បម្រុងនឹងបត់ឆ្វេង ហើយក៏បានអកហ្សឺនឹងម៉ូតូហុងដាម៉ូវ ហើយភាគីទាំង២ក៏ទាស់ពាក្យសម្តីគ្នាយ៉ាងតឹងសរសៃ.ក រហូតវាយគ្នាទៅវិញទៅមក បណ្តាលឲ្យបុរសជាមន្ត្រីនគរបាលរងរបួសបែកក្បាល និងបុរសខាងម្ចាស់ម៉ូតូអាយខនរងរបួសហើមមុខ បន្ទាប់មកក៏ឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៏។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំភាគីទាំងសងខាងទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋភ្នំពេញថ្មី ដើម្បីធ្វើការដោះស្រាយគ្នា៕

Loading...