ព័ត៌មានជាតិ

អាងភ្លើងស្តុបខៀវរាងខ្លួន ចៃដន្យលោតក្រហមភ្លែត រថយន្តក្រុងក្រុមហ៊ុនរិទ្ធិ មុនី ពន្លះតាកូម៉ាចំពាក់កណ្តាលរថយន្ត!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តក្រុងទេសចរណ៍របស់ក្រុមហ៊ុន រិទ្ធិ មុនី បានបុកជាមួយនឹងរថយន្តតាកូម៉ា ពេញទំហឹង ខ្ទេចទាំង២គ្រឿង កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបសន្ធរម៉ុក់ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-0823 ដោយធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុដែលជាស្តុបភ្លើង ពណ៌បៃតង រថយន្តខាងលើក៏បានបើកឆ្លងកាត់ឆ្ពោះទៅមុខ ខណ:ពេលដែលឆ្លងជិតផុតហើយស្រាប់តែភ្លើងស្តុបលោតទៅពណ៌ក្រហម ខណ:ពេលនោះស្រាប់តែមានរថយន្តក្រុងប្រភេទ៤៥ កៅអី មួយគ្រឿងទៀត ជារថយន្តក្រុង របស់ក្រុមហ៊ុនរិទ្ធិ មុនី ពាក់ស្លាកលេខ ភ្នំពេញ 3A-7837 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។ រួចក៏ជ្រុលទៅបុករថយន្តតាកូម៉ាចំពាក់កណ្តាលពេញទំហឹងឲ្យរថយន្តតាកូម៉ារងការខូចខាតក្រពឹតផ្នែកខាងស្តាំយ៉ាងដំណំ។ ចំណែកឯរថយន្តក្រុងរងការខូចខាតបែកកាងនិងបែកកញ្ចក់ខាងមុខ។ តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។ បន្ទាប់មានអ្នកបើកបររថយន្តក្រុងបានគេចខ្លួនចេញពីកន្លែងកើតហេតុបាតស្រមោល តែម្តង៕

មតិយោបល់