ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនក្រុមចោរឆក់វ័យក្មេងចំនួន ៤នាក់ទៅតុលាការ

ភ្នំពេញ: សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមចោរឆក់វ័យក្មេងចំនួន ៤នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

យោងតាមរបាយការណ៍របស់បានសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ៖

-ទី១ឈ្មោះ នី វឌ្ឍនា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ ចោរ ស្នាក់នៅម្តុំសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-ទី២ឈ្មោះ គឹម ខៃ ហៅ តឿ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ១៩៥ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
-ទី៣ឈ្មោះ ឡេង យាងឌីណា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចោរ ស្នាក់នៅម្តុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
-និងទី៤ឈ្មោះ គង់ សុខហេង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ ចោរ ស្នាក់នៅម្តុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

គួររំឭកថា កាលពីវេលាម៉ោង១៩ និង ២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីជនរងគ្រោះជាជនជាតិចិនម្នាក់ ដែលកំពុងជិះរ៉ឺម៉ុកកង់បី នៅចំណុចមុខផ្ទះលេខ៨៣ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានសម្រេចហើយជិះរត់គេចខ្លួនបាត់។

លុះដល់ម៉ោង២២ និង០០ នាទីយប់ថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន ៤នាក់ខាងលើ នៅពេលដែលកំពុងយកទូរស័ព្ទរបស់ជនរងគ្រោះទៅលក់នៅម្ដុំផ្សារសូរិយា៕

មតិយោបល់