Post News Media ព័ត៌មានជាតិ បញ្ជូនខ្លួន ក...

បញ្ជូនខ្លួន ក្រុមអ្នកក្លាហានដេញតាមឡាន វាយបណ្ឌិត ស៊ុយ សារ៉េត ទៅតុលាការ

ភ្នំពេញ: សមត្ថកិច្ចការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន ០៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើហិង្សា លើ បណ្ឌិត ស៊ុយ សារ៉េត នៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ។

យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ទាំង ៣នាក់រួមមាន៖

-ទី១ ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ឋាន ផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។

-ទី២ឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាស័យដ្ឋាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក

-និងទី៣ឈ្មោះ អាន ផ ល្លី អាយុ ៣៤ ឆ្នាំ មាន ទីលំនៅក្នុងភូមិកម្មករ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ។

សូមបញ្ជាក់ថា ជនសង្ស័យ ទី១ និងទី២ ត្រូវ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ បានកាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅក្នុងខណ្ឌទួលគោក ខណ:ពួកគេកំពុងឌុបគ្នា ទៅរកហាងផឹកស៊ីនៅម្តុំក្បាលមាន់ចែ។

ដោយឡែកជនសង្ស័យ ទី៣ត្រូវ កម្លាំង នគរបាលខេត្តកំពង់ធំ ឃាត់ខ្លួន បានកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀននៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ ឈើ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោកអាវ និងបំផ្លាញរថយន្ដខូចខាតព្រោះតែខឹង ថាលោកបើករថយន្ដបុករះនៅតាមផ្លូវ។

យោងតាមប្រភពព័ត៌មានចុងក្រោយពីសាច់ញាតិរបស់ ជនរងគ្រោះ បានបញ្ជាក់ថា លោក បណ្ឌិត ស៊ុយ សារ៉េត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ប្រទេសវៀតណាម។

ចំណែកមេធាវីរបស់ជនរងគ្រោះបានប្តឹងទាមទារជំងឺចិត្ត ៣០ម៉ឺនដុល្លារពី ជនបង្កដែលបានវាយលើជនរងគ្រោះ។

ចំពោះជនសង្ស័យដទៃទៀត រួមមានទាំង អតីតសន្តិសុខខណ្ឌដូនពេញម្នាក់ផងនោះ ត្រូវសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួន យកទៅផ្តន្ទាទោសតាមច្បាប់៕

Loading...