Post News Media ព័ត៌មានជាតិ ផ្ទុះហើយ!ប្តី...

ផ្ទុះហើយ!ប្តីរបស់កំពូលតារាចម្រៀង អ្នកនាង សុគន្ធ និសា បើករថយន្តស៊េរីទំនើបបុកម៉ូតូយុវជនម្នាក់ ហើយព្យាយាមបើករត់គេច​ តែត្រូវប្រជាពលរដ្ឋដេញកាក់ជាប់!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្ត RANGE ROVER ស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ ដែលត្រូវមហាជនស្គាល់ថា ជាប្តីរបស់កំពូលតារាចម្រៀង អ្នកនាង សុគន្ធ និសា បានបុកម៉ូតូឌ្រីមសង់ជិះដោយយុវជនម្នាក់ចំពីក្រោយ រងការខូចខាតយ៉ាងដំណំ តែបែរជាព្យាយាមបើករត់ ទីបំផុតក៏ត្រូវប្រជាពលរដ្ឋដេញកាក់ជាប់។

ករណីនេះកើតឡើងនៅម៉ោង១និង២០នាទី យប់ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះសុរាម្រិត ក្បែររូបសំណាក់ព្រះបរមរតនកោដ្ឋ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១១ ស្លាកលេខ ភ្នំពេញ 1AW-1750 ពីកើតទៅលិច ក៏ត្រូវរថយន្តស៊េរីទំនើប ម៉ាកRANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2V-9779 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចមកកើតស្របគ្នា បុកចំពីក្រោយពេញទំហឹង ខ្ទេចម៉ូតូយ៉ាងដំណំ ហើយភ្លាមរថយន្តបង្ក ដែលបើកបរដោយប្តីអ្នកនាងសុគន្ធ និសា បានព្យាយាមបើករត់គេចពីកន្លែងកើតហេតុទៅដល់ស្ពាននាគវត្តភ្នំ ស្ថិតក្នុងខណ្ឌដូនពេញដដែលនោះ ទើបត្រូវបានប្រជាពលរដ្ឋកាក់ជាប់ ហើយនាំមកកន្លែងកើតហេតុវិញ ដើម្បីធ្វើការដោះស្រាយជាមួយភាគីខាងម៉ូតូ និងយល់ព្រមសងសំណងទៅខាងភាគីម៉ូតូចំនួន ៤៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

Loading...