ព័ត៌មានជាតិ

ឆក់ទៀតហើយ នៅខណ្ឌឬស្សីកែវ! បណ្តាលឲ្យស្រ្តីដួលម៉ូតូរងរបួស

​ភ្នំពេញ: ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីម្នាក់មិនបានសម្រេច ខណ:ដែលស្ត្រីខាងលើ កំពុងជិះម៉ូតូត្រឡប់មកពីធ្វើការ បណ្តាលឲ្យដួលដាច់សាច់ជង្គង់ខាងស្តាំ និងរបួសថ្ងាស និងមានកាឈឺចាប់ស្មាឆ្វេង រួចជនសង្ស័យគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១១ ថ្ងៃត្រង់ ទី១៧ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខទ្រូម៉ាន់នី តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះ ខៀវ វ៉ាន់ អាយុ៣៦ឆ្នាំ មុខជាអ្នកអនាម័យ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FZ 4446 ដោយស្ពាយកាបូបនៅស្មា។

តាមសម្ដីស្ត្រីរងគ្រោះខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងខាងលើតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខបានធ្វើដំណើរស្របទិសគ្នាមកដល់ចំណុចកើតហេតុធ្វើសកម្មភាពឆក់កាបូបស្ពាយពីគាត់តែមិនបានសម្រេច ក៏បណ្តាលឲ្យគាត់ដួលម៉ូតូរងរបួសដាច់សាច់ជង្គង់ខាងស្តាំនិងរលាត់ថ្ងាស់ ព្រមទាំងមានការឈឺចាប់ស្មាខាងឆ្វេង។

ប្រភពដដែលបន្តថា ក្រោយពីពួកវាធ្វើសកម្មភាពឆក់មិនបានសម្រេចហើយក៏បន្តដំណើរជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់តែម្តង។

ក្រោយកើតហេតុជនរងគ្រោះរងបានខលហៅប្តីឲ្យមកទទួលយកទៅផ្ទះហើយមិនដឹងថាគាត់ត្រឡប់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឬស្សីកែវឬក៏អត់នោះទេ៕

មតិយោបល់