ព័ត៌មានជាតិ

មិនដឹងប្រញាប់ទៅណា!ជិះម៉ូតូឆ្លងផ្លូវមិនមើលឆ្វេងស្តាំ ត្រូវរថយន្តបុកពេញទំហឹង រងរបួសធ្ងន់២នាក់

ភ្នំពេញ: បុរស២នាក់បើកម៉ូតូមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តមួយគ្រឿងបើកជាលក្ខណ:គ្រួសារបុកពេញទំហេឹង បណ្តាលឲ្យ ជនរងគ្រោះប៉ើងទៅលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ទាំង២នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៥៦៦ កែងនិងផ្លូវលេខ៣១៣ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CY-9228 បើកបរតាមបណ្តោយផ្លូវលេខ៣១៣ ទិសដៅពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្ន លុះបើកមកដល់ផ្លូវបែកជាបួនកែងនិងផ្លូវលេខ៥៦៦ចំណុចកើតហេតុ ត្រូវបានរថយន្តមួយគ្រឿងម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AE-5779 បើកបរជាលក្ខណ:គ្រួសារ តាមបណ្តោយផ្លូវលេខ៥៦៦ទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យជនរងគ្រោះប៉ើងទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បប់៕

មតិយោបល់