ព័ត៌មានជាតិ

ល្មមជ្រាបហើយ! ស្ត្រីម្នាក់ចាញ់បោកអ្នកទម្លាក់យោងនាំទៅជិះរថយន្តស៊េរីទំនើប ចុងក្រោយបោសអស់គូទខោ!

ភ្នំពេញ: ស្រ្តីម្នាក់រួមជាមួយកូនតូចម្នាក់ រត់ទាំងត្រហេបត្រហប ទៅប្តឹងនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ បន្ទាប់ពីចាញ់ល្បិចក្រុមទម្លាក់យោង ល្បួងនាំជិះរថយន្តទំនើប ហើយធ្វើសកម្មភាពដោះដូរបានមកវិញគ្រាប់សំណរ មួយកូនថង់ជាថ្នូរ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចម្ការចេក ភូមិព្រែកតាប៉ែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជាប់ព្រំប្រទល់ជាមួយ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយពីសាកសួររឿងអង្គហេតុកើតឡើងនៅក្នុងទឹកដីស្រុកមុខកំពូល ទើបនគរបាលប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹងនៅខាងស្រុកមុខកំពូលខេត្តកណ្តាលវិញ។

ស្រ្តីរងគ្រោះឈ្មោះ លី ឆយី អាយុ២៥ឆ្នាំ មានកូនស្រីម្នាក់ អាយុ២ខួប ស្នាក់នៅស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកសម្ភារ:បាត់បង់មានខ្សែកមាសទម្ងន់៥ជី ខ្សែដៃមាសទម្ងន់៥ជី ជិញ្ចៀន២វង់ ស្មើ៤ជីមាស លុយ១០០ដុល្លារ និងទូរសព្ទដៃម៉ាកOPPOមួយគ្រឿង ដែលទើបនឹងទិញយកមកទុកលេងហ្វេសប៊ុកបាន៣ថ្ងៃ ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួន២នាក់កូនស្រីមកផ្សារព្រែកអញ្ចាញ ស្ថិតនៅក្នុងភូមិព្រែកអញ្ចាញក្រោម ឃុំព្រែកអញ្ចាញដើម្បីរកទិញម្ហូបខណ:ដែលដើរចូលផ្សារទិញម្ហូបរួចហើយក៏បានពរកូនស្រីចេញពីផ្សារវិញបានបន្តិច មានស្រ្តីម្នាក់ដើរមកសួរ មានឃើញកាបូបមួយអត់ មានគេជ្រុះបាត់ ក្នុងនោះមានមាសនិងលុយច្រើន ទោះជាឆ្លើយថាមិនដឹង មិនឃើញ ត្រូវបានស្រ្តីម្នាក់ដើរមកក្បែរហើយពោលថាកុំមាត់មានបុរសម្នាក់គេរើសបានហាមប្រាប់អ្នកណាឲ្យដឹងរង់ចាំយកទៅចែកគ្នា គ្រាន់តែលាស្រាយមើលក្នុងនោះមានគ្រឿងលោហ:ធាតុក្រហមនិងលុយដុល្លារពេញកាបូប រួចនាំនាងដើរចេញមកក្រៅបបួលនាំឡើងជិះតាមរថយន្តហ្វតមួយគ្រឿង ដោយ២នាក់ម្តាយកូនជិះបាំងខាងក្រោយជាមួយស្រ្តីសង្ស័យ២នាក់នាំគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ពីកើតទៅលិចជិះបណ្តើរលាមាត់ថង់ឲ្យមើលបណ្តើរ ភ្លេចខ្លួនហុចថង់មួយឲ្យនាងកាន់រួចដោះយកគ្រឿងអលង្ការទ្រព្យសម្បត្តិអស់ពីខ្លួនលុះដល់ចំណុច ភូមិព្រែកតាប៉ែន ឃុំព្រែកអញ្ចាញបត់ចូលក្នុងព្រៃចម្ការចេកមួយកន្លែង ក្បែរស្ពានលេខទី១២ ផ្លូវលេខ៦ ទើបឲ្យចុះដោយប្រាប់ថារង់ចាំនៅទីនេះ រួមជាមួយស្រ្តីម្នាក់ ហើយជនសង្ស័យប្រុស៣នាក់ស្រីម្នាក់ជិះរថយន្តចេញទៅបាត់ដោយប្រាប់ថាកុំឲ្យខ្ចរខ្ចាយយកមាសទៅដូរទុកចែកគ្នាចេញបាត់អស់មួយសន្ទុះទើបស្រ្តីជនសង្ស័យម្នាក់ទៀតចេញទៅដែរដោយប្រាប់ថាទៅតាមមើល ដូរលុយ មាសអ្វីក៏យូរម្ល៉េះ បែជាទៅបាត់រហូតយូរពេលហេតុអ្វីមិនឃើញពួកគេមកវិញសោះគ្រាន់តែលាស្រាយមាត់ថង់ មើលពុទ្ធោខាងក្នុងសុទ្ធតែគ្រាប់សំណរទើបដឹងថាចាញ់បោកគេហើយដើរចេញមកក្រៅហៅម៉ូតូឌុបជិះទៅប្តឹងនៅប៉ុស្តិ៍បាក់ខែង ។

ក៏ប៉ុន្តែរឿងរ៉ាវក្រោយពីសមត្ថកិច្ចសាកសួរទៅមិនមែនកើតនៅក្នុងភូមិសាស្រ្ត សង្កាត់បាក់ខែង គ្រាន់តែព្រំប្រទល់ជាប់គ្នាទើបនគរបាលប្រាប់ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកអញ្ចាញ ស្រុកមុខកំពូលវិញ ៕

មតិយោបល់