ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនទំពាំងរលួយ ដែលគប់ផាវកែច្នៃចូលក្នុងវិទ្យាល័យអូរម៉ាល់បានហើយ!

បាត់ដំបង: លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា មានការឃាត់ខ្លួនយុវជនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលធ្វើសកម្មភាពគប់ផាវកែច្នៃ ចូលខាងមុខបន្ទប់រៀន ក្នុងបរិវេនវិទ្យាល័យអូរម៉ាល់ បានហើយ ក្រោយពីធ្វើសកម្មភាពហើយ ព្យាយាមរត់គេចខ្លួន។

ករណីនេះកើតឡើងកាលពីថ្ងៃទី១០ និង៤៥នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបរិវេនអនុវិទ្យាល័យអូរម៉ាល់ ស្ថិតក្នុងភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ករណីនេះបង្កឡើងដោយជនសង្ស័យ២នាក់បងប្អូន ទី១ឈ្មោះ ពន្លឺ និងទី២ឈ្មោះ ពន្លក ដែលជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាកMSX ពណ៌សលាយ ពណ៌ខ្មៅ បានធ្វើសកម្មភាព បោះផាវគ្រាប់បែករំស្គុតពណ៌ខ្មៅជាមួយដុំថ្ម ទៅមុខបន្ទប់ថ្នាក់រៀនទី៩អា បណ្ដាលឲ្យរងរបួសលើឈ្មោះ មួន សាវហឺ ជាសិស្ស ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅក្រុមទី១៤ ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលកំពុងអង្គុយលេងនៅមុខថ្នាក់រៀន លើបង់ បណ្ដាលឲ្យរងរបួសស្រាលលើដើមទ្រូងខាងស្ដាំ និងបានកាប់ម៉ូតូរបស់ឈ្មោះសាន់ សិលា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បណ្ដាលឲ្យខូចខាតក្បាលម៉ូតូ រួចរត់គេចខ្លួនបាត់ទៅស្រមោល។

លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ លឿត ពន្លក ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតគេចខ្លួនបាត់មានឈ្មោះ លឿត ពន្លីឺ ភេទប្រុស ដោយដកហូតបាន ម៉ូតូម៉ាកMSXមួយគ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់