ព័ត៌មានជាតិ

ព្រលឹមមិនទាន់ ចោរមួយក្រុម ចូលលួចរថយន្តរបស់អធិការរងនគរបាលស្រុកបាទី

តាកែវ: នៅវេលាម៉ោង ២ និង៥៣ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ មានករណីចោរចូលលួច រថយន្តនៅផ្ទះរបស់ឈ្មោះ ណាំ សោភ័ណ្ឌ ជាអធិការរងនគរបាលស្រុកបាទី នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ករណីនេះដែរ​ អធិការរងនគរបាលស្រុកបាទី បានស្រែកតាមវិទ្យុទាក់ទងឲ្យកម្លាំងធ្វើការពួនស្ទាក់ ពេលនោះកម្លាំងប៉ុស្តិ៍ត្រពាំងសាប និងកម្លាំងប្រជាការពារ បានសហការគ្នា ស្ទាក់គ្រប់ច្រក និងឃាត់បានម៉ូតូ១គ្រឿង ជិះគ្នា២នាក់ ប៉ុន្តែមិនព្រមឈប់ ទើបលោកនាយប៉ុស្តិ៍ត្រពាំងសាប បានដេញប្រកិតតាមក្រោយតាមផ្លូវលំ និងបានឲ្យលោកចាប សុខុម នាយផ្នែកចរាចរណ៍ឃាត់ខ្លួន តែពុំព្រមឈប់ ក៏បានបាញ់គំរាមភ្ជុចដីចំនួន២គ្រាប់ បណ្តាលឲ្យត្រូវអ្នកដែលជិះខាងក្រោយបានត្រូវស្លាប់ នៅនឹងកន្លែង ក្នុងភូមិស្តុកប្រីយ័ ឃុំត្រពាំងសាប ចម្ងាយពីផ្ទះធ្វើសកម្មភាពប្រមាណ ៣គីទ្បូម៉ែត្រ ។

ជនសង្ស័យដែលស្លាប់ មានឈ្មោះ សែម ចាវ ប្រុសអាយុ ២១ឆ្នាំ ស្នាក់នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប និងទី២.ឈ្មោះ សឿន ពៅ ហៅអ៊ឹប ប្រុសអាយុ ២១ នៅភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី អ្នកបើកម៉ូតូ ត្រូវបានឃាត់ខ្លួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការបន្តតាមនីតិវិធី រីឯសពជនសង្ស័យម្នាក់ទៀត ត្រូវបានប្រគល់ជូនសាច់គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់