ព័ត៌មានជាតិ

ជាប់គុក១០ខែ ចេញមកវិញលើសដើម!..

ភ្នំពេញ: បុរសម្នាក់បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាច្រើនលើកច្រើនសារ រហូតបងស្រីបង្កើតអត់ទ្រាំលែងបានក៏បានប្ដឹងសុំឲ្យនគរបាលចាប់ខ្លួនតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ជា សុផាន់ណា អាយុ២៩ឆ្នាំ ធ្លាប់ជាប់គុក១០ខែ មកហើយ ពីបទលួចម៉ូតូអ្នកដទៃនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងបានចេញមកវិញ នៅអំឡុងឆ្នាំ២០១៥កន្លងទៅ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនដៃដល់បានរៀបចំហូបបាយ ហើយស្រ្តីជាបងបានទាញចានសម្លចេញ ដែលជាហេតុធ្វើឲ្យរូបគេខឹង។ពេលនោះក៏បានបោកចានឆ្នាំចោលខ្ទេចខ្ទីបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងបង្កការភ័យខ្លាចនៅក្នុងគ្រួសារថែមទៀត។

ប្រភពដដែលបានបន្តទៀតថា ការដែលបងស្រីទាញចានសម្លចេញនោះគឺមូលហេតុមកពីមានទំនាស់គ្នាជាមួយជននេះ ហើយក៏ស្អប់ខ្លាំងដែរព្រោះកន្លងមករូបគេតែងបង្ករឿងនិងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាបន្តបន្ទាប់។ ហើយក្រោយពេលកើតមានហិង្សាខាងលើទើបបងស្រីប្ដឹងនគរបាលប៉ុស្តិ៍កាកាប១ចុះចាប់ខ្លួន បន្ទាប់មកបានធ្វើការអប់រំរួចដោះលែងវិញ៕

មតិយោបល់