ព័ត៌មានជាតិ

ឃាត់ខ្លួននិស្សិត សាកលវិទ្យាល័យប៊ៀលប្រាយនិងសិស្សវិទ្យាល័យភ្នំពេញថ្មី ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ!

​ភ្នំពេញ: កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានបង្ក្រាបក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំណុច ភ្លើងស្តុបផ្សារដីហុយ ផ្លូវហាណូយ កែងផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃចំនួន២គ្រឿង ម៉ាក សាំសុង J2 ពណ៌ទឹកមាស និងម៉ាក សាំសុងណូត៥ ពណ៌ទឹកប្រាក់)។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ជា សុភិរក្ស ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និស្សិត សកលវិទ្យាល័យប៊ៀលប្រាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និងទី២ឈ្មោះ ខៀវ សុខុមឡាវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្សវិទ្យាល័យភ្នំពេញថ្មី ស្នាក់នៅផ្ទះលេខ១០ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកជាមធ្យោបាយធ្វើសកម្មភាព ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GG-7872។
ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ ទូរសព្ទដៃមួយគ្រឿងម៉ាកសាំសុងJ2Ace ពណ៌ទឹកមាស។

ជនរងគ្រោះឈ្មោះ ណៅ រាត្រីនិមល ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវ១៤០ ក្រុម៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់