ព័ត៌មានជាតិ

អនុប្រធានតុលាការក្រុងភ្នំពេញដែលធ្លាប់ទទួលពិន័យបង្អត់ប្រាក់ខែ និងផ្លាស់ចេញដោយបង្ខំ លោក ហម ម៉េងសែ នៅតែបន្តដោះលែងជនត្រូវចោទ

ភ្នំពេញ: យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញថា លោក ហម ម៉េងសែ អនុប្រធានតុលាការរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ បានសម្រេចមិនឃុំខ្លួនស្ត្រីជនត្រូវចោទ២នាក់ ដែលជាមេបនល្បែងកន្ទុយលេខ កណ្តាលផ្សារ ប្រចាំភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ និងបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញហើយ។

ជនត្រូវចោទទាំង២នាក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ជាមួយវត្ថុតាងជាច្រើនខណ:ពួកគេកំពុងតែ កត់ឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់។

ក្រោយឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនស្ត្រីទាំង២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ តែទីបំផុត ស្ត្រីទាំង ២នាក់បានទទួលឱកាសទៅប្រកបរបរ នេះវិញដដែល។

ពាក់ព័ន្ធករណីនេះ លោក តុប ឈុនឡុង ដែលជាតំណាងអយ្យការកាន់សំណុំរឿង បានថ្លែងតាមទូរសព្ទនៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះថា លោក បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ លាង អ៉ីម ភេទស្រី អាយុ ៤៩ឆ្នាំ និងឈ្មោះ ទ្រី ផារី ភេទ្រី អាយុ ២៩ឆ្នាំ ពីបទ បើកកន្លែងលេងល្បែងស៊ីសងដោយខុសច្បាប់ យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។

លោក តុប ឈុនឡុង បានអះអាងបន្ដថា សំណុំរឿងនេះក្នុងនាមជាតំណាងអយ្យការ លោកបានស្នើសុំឲ្យចៅក្រមស៊ើបសួរ ឃុំខ្លួនជនត្រូវចោទទាំង ២នាក់ ប៉ុន្តែនៅពេលសំណុំរឿងនេះស្ថិតក្រោមការចាត់ការរបស់លោក ហម ម៉េងសែ បែរជាសម្រេចដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការទៅវិញ (ដោះលែង) ពោលគឺមិនឃុំខ្លួនតាមសំណើររបស់លោកឡើយ។

លោក តុប ឈុនឡុង បន្ថែមថា លោក បានទទួលសេចក្តីជូនដំណឹង ស្តីពីការសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្រោមត្រួតពិនិត្យតាមផ្លូវតុលាការ របស់លោក ហម ម៉េងសែ ដោយកូនចៅលោកយកឲ្យលោកចុះហត្ថលេខា លោកក៏ចុះទៅដោយមិនបានមើលផង។

ទោះជាយ៉ាងណាលោក តុប ឈុនឡុង ក្នុងនាមជាតំណាងអយ្យការកាន់សំណុំរឿងបាន សុំមិនឆ្លើយតបនឹងសំនួរថា «តើលោកតំណាងអយ្យការយល់យ៉ាងណាចំពោះការសម្រេចរបស់ចៅក្រមស៊ើបសួរ និងប្តឹងឧទ្ធរណ៍ប្រឆាំងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនេះដែរឬទេ?»

លោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាម TELEGRAM នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះថា លោក ហម ម៉េងសែ ជាចៅក្រមស៊ើបសួរបានសម្រេចដាក់ជនត្រូវចោទឲ្យជាប់កាតព្វកិច្ចស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែជនត្រូវចោទ មិនមែនជាមេកន្ទុយលេខ និងដោយបានពិនិត្យទៅលើស្ថានភាពជាក់ស្តែង និងមូលដ្ឋានច្បាប់ផងដែរ។

សូមជម្រាបជូនថា ការដោះលែងជនត្រូវចោទបែបនេះមិនមែនជាលើកទីមួយឡើយដែលលោកចៅក្រម ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលជាអតីតចៅក្រមធ្លាប់ត្រូវបានក្រសួងយុត្តិធម៌ដាក់ពិន័យឲ្យអត់ប្រាក់ខែ១ឆ្នាំ ព្រោះតែដោះលែងជនសង្ស័យនោះ។

ក្រោយពីបានមកកាន់តំណែងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៨ កន្លងទៅ ក៏ធ្លាប់បាន ដោះលែង ជនត្រូវចោទឈ្មោះ សាក់ សុវណ្ណមុនី ភេទប្រុស អាយុ ២២ មុខរបរ អ្នកថតរូប ទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យមានរបួសដល់អ្នកដទៃ ចំនួន ២នាក់ ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខវត្តគោកអំពិល ផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨កន្លងទៅ លោក ហម ម៉េងសែ ក៏ធ្លាប់បានដោះលែងជនត្រូវចោទម្នាក់ឈ្មោះ ស៊ុយ សារ:ទី ដែលបានបើករថយន្ត កិនកុមារ អាយុ ៩ឆ្នាំ ម្នាក់ស្លាប់ នៅខណ្ឌដង្កោ ផងដែរ។

សូមបញ្ជាក់ថា លោកចៅក្រម ហម ម៉េងសែ ត្រូវបានតែងតាំងក្នុងក្របខណ្ឌអង្គចៅក្រម ដោយព្រះរាជក្រឹត្យ លេខ ជ ស / រកត /០១៩៨/០០៨ ចុះ ថ្ងៃទី ១២ ខែមករា ឆ្នាំ១៩៩៨។

ក្រោយមក លោក ហម ម៉េងសែ ក្នុងពេលបំពេញការងារជាចៅក្រមនៅក្នុងតុលាការក្រុងភ្នំពេញ ត្រូវបានទទួលរងការដាក់ទណ្ឌកម្ម វិន័យក្រោមរូបភាពព្យួរពីការងារមិនឲ្យមាន បៀវត្សរ៍ក្នុងរយ:ពេលកំណត់ ១ឆ្នាំ និងត្រូវបានផ្លាស់ដោយបង្ខំ ចេញពីតុលាការក្រុងភ្នំពេញ ដោយព្រះរាជក្រឹត្យ លេខ នស / រកត /០៨០៥/៣៤៣ ចុះ ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០០៥។

ការសម្រេចដាក់ពិន័យ លើលោកចៅក្រម ហម ម៉េងសែ របស់ក្រសួងយុត្តិធម៌នាពេលនោះ ដោយសារតែមានប្រតិកម្មរបស់ក្រសួងមហាផ្ទៃ នាដើមឆ្នាំ២០០៥ កន្លងទៅ។

នៅពេលនោះលោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានស៊ើបអង្កេត និងស្រាវជ្រាវ រកឃើញថា លោកចៅក្រម ហម ម៉េងសែ បានដោះលែងជនជាប់ចោទ មិនប្រក្រតី ចំនួន ០៩នាក់ និងសម្រេចឃុំខ្លួនមនុស្ស ខុសច្បាប់ កំណត់ចំនួន ០៦នាក់ ដោយរួមមានទាំង អនីតិជនទាំងបទមជ្ឈិម។

ក្រោយពីស្រាវជ្រាវរកឃើញកំហុសរបស់លោកចៅក្រម ហម ម៉េងសែ រួចហើយ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០០៥ ឯកឧត្តម ឌិត មុន្ទី ក៏បាន ធ្វើរបាយការណ៍ គោរពជូនសម្តេចនាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច។

ក្រោយពីអនុវត្តវិន័យរួចលោកចៅក្រម ហម ម៉េងសែ ត្រូវបានបញ្ជូនទៅធ្វើការនៅតាមសាលាដំបូងខេត្តមួយចំនួន រួមមានខេត្ត កោះកុង ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង។

លុះនៅចុងឆ្នាំ២០១៧ ត្រូវបានផ្ទេរ មុខតំណែង ពី អនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងឲ្យមក បម្រើការងារជាអនុប្រធានសាលាដំបូងរាជធានី ភ្នំពេញ ជាកន្លែងដែលចៅក្រមរូបនេះធ្លាប់ប្រព្រឹត្តខុសរហូតទទួលពិន័យ តាមរយ: ព្រះរាជក្រឹត្យ លេខ នស / រកត /០៨១៧/៦០៨ ចុះ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៧៕

មតិយោបល់