Post News Media ព័ត៌មានជាតិ រន្ទះជើងបុរសជ...

រន្ទះជើងបុរសជនជាតិអង់គ្លេស ជាន់រថយន្តមិនប្រណី បុកសួនច្បាររង្វង់មូលសម្ដេចសង្ឃ ជួន ណាត ខ្ទេចគ្មានសល់

ភ្នំពេញ: ​បុរសជនជាតិ​អង់គ្លេស​ម្នាក់​ បើកបររថយន្តហ្វត មួយគ្រឿង​ បោះពួយយ៉ាងលឿន ឡើងលើសួនច្បាររង្វង់មូលសម្ដេចសង្ឃជួន ណាត ទៅបុកបង្កាន់ដៃរូបនាគ បណ្ដាលឲ្យបាក់អស់ជាច្រើនកំណាត់ បង្កការភ្ញាក់ផ្អើលទាំងយប់​ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង២និង៥០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃ​ទី២៣ ខែមីនា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចរង្វង់មូលសម្ដេចសង្ឃ ជួន ណាត ស្ថិតតាមបណ្តោយផ្លូវស៊ីសុវត្ថិ ព្រំប្រទល់​សង្កាត់ចតុមុខ ខណ្ឌដូនពេញ​ ជាប់នឹងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​គេឃើញមានរថយន្តមួយគ្រឿងម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-6343 បើកបរដោយបុរសជាជនជាតិ​អង់គ្លេស​ម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរ​ពីជើងទៅត្បូង ក្នុងល្បឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏បានគេចម៉ូតូមួយគ្រឿងដែលជិះបញ្ច្រាសទិសពីលិចទៅកើត រួចក៏រេចង្កូតឡើងលើសួនច្បារសម្ដេចសង្ឃជួនណាត ទៅបុកបង្កាន់ដៃរូបនាគពេញទំហឹង​ បណ្ដាលឲ្យបាក់អស់ជាច្រើនកំណាត់ និងបណ្ដាលឲ្យរថយន្តរងការខូចខាត​ខ្ទេចមួយកំណាត់មុខនិងចំហៀងស្ដាំ​យ៉ាងដំណំ និងមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានទាក់ទងទៅសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះមកកន្លែងកើតហេតុ​ និងទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ​ចុះមកធ្វើការវាស់វែង រួចទាក់ទងបន្តទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង មកស្ទូចយករថយន្តទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តមកដោះស្រាយការខូចខាតតាមផ្លូវច្បាប់ ៕

Loading...