ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌ! ផឹកចំស្រាគុណនិយម ទាញពូថៅកាប់បុរសម្នាក់របួសធ្ងន់!

ក្រចេះ: នៅថ្ងៃ ព្រហស្បតិ៍ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី ចំណុចអូរអណ្តូង ភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណី ហិង្សាដោយ ចេតនា មួយកើតទ្បើងបង្កដោយជន សង្ស័យឈ្មោះធី សុផល ភេទ ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានធ្វើ សកម្មភាពយកពូថៅដងឈើ កាប់ទៅលើជនរងគ្រោះឈ្មោះ សាន់ រឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ បណ្តាលឲ្យរងរបួសចំនួន២ពូថៅ របួសត្រង់លើស្មាដៃខាងស្តាំនិងរបួសត្រង់ថ្ពាល់ខាងស្តាំមួយពូថៅ (របួសធ្ងន់ )ហើយក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មណ្ឌលឃុំឃ្សឹម។

បន្ទាប់មកកម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍និងប្រជាការពារបានឃាត់ខ្លួនជនសង្ស័យយកមក សាកសួរនាំអធិការដ្ឋាន ហើយជនសង្ស័យបានឆ្លើយសារភាពថាដោយមូលហេតុ មានការប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយជនរងគ្រោះ ហើយខ្លួនបានផឹកស្រាសអស់ជាច្រើនលីត្រ ធ្វើឲ្យស្រវឹងក៏មានចិត្តខឹងជាមួយជនរងគ្រោះជាខ្លាំង បានដើរចេញទៅយកពូថៅទៅកាប់ទៅលើជនរងគ្រោះត្រូវចំនួន២ពូថៅ បណ្តាលឲ្យជនរងគ្រោះដួលទៅហ្នឹងដី។ ក្រោយមកខ្លួនក៏បានរត់ចេញពីកន្លែងកើតហេតុហើយបានបោះពូថៅចោលរួចត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំ។

បច្ចុប្បន្ន ក្រោយពីការសួរនាំរួចជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងទៅជំនាញខេត្តបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់