ព័ត៌មានជាតិ

ផ្អើលទាំងព្រលឹមស្រាងៗ រថយន្ត​ដឹក​ត្រី​ បើកបុកបង្គោល​ភ្លើងបាក់អស់១ដើម ខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្ត​ដឹក​ត្រី​មួយ​តោន បាន​ដាច់​ម៉ែត្រ​ចង្កូត ក៏រេ​រថយន្តទៅ​បុក​បង្គោល​ភ្លើង ​បាក់​អស់​មួយ​ដើម តែមិនបណ្ដាលឲ្យមាន​អ្នក​រង​របួសនោះទេ ដែលហេតុការណ៍​នេះ ​កើតឡើង​​វេលា​ម៉ោង​ ៣​និង​៤២នាទី​ទៀប​ភ្លឺ ឈានចូលថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខកា​រ៉ា​ស​សាំង TELA ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ។

​អ្នកបើក​រថយន្ត​ដឹក​ត្រី​ មានឈ្មោះ ឈឿ​ន សុខ​ឃឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល។

តាមសមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ម៉ាក Bongo ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ ២AG-៧៦០៣ ជិះ​គ្នា​៣​នាក់ ជា​រថយន្ត​ដឹក​ត្រី​យក​ពី​ព្រែក​ភ្នៅ​ទៅ​ឲ្យ​ម៉ូយ​នៅ​ស្រុក​ស្អាង ដោយបើកតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះមក​ដល់​ចំណុច​កើតហេតុ ​ស្រាបតែ​រថយន្ត​ដាច់​ម៉ែត្រ​ចង្កូត ក៏រេ​ទៅ​បុក​បង្គោល​ភ្លើង​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​មួយ​ដើម រីឯ​រថយន្តវិញ​ខូចខាត​ខ្ទេច​មួយ​កំណាត់​ខាង​មុខ ​និង​បែក​កញ្ចក់​រថយន្ត។

ក្រោយសមត្ថកិច្ចចុះធ្វើការ​វាស់វែង​ ក៏បានស្ទូច​យករថយន្តបង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បីរង់ចាំ​ដោះស្រាយតាមនីតិវិធី​ច្បាប់៕

មតិយោបល់