ព័ត៌មានជាតិ

ប្រធានភូមិបាលខណ្ឌព្រែកព្នៅ លោក ស៊ូ ស៊ីវុត្ថា នឹងចូលខ្លួនទៅបំភ្លឺតាមដីកាកោះហៅរបស់ចៅក្រមស៊ើបសួរ ថ្ងៃទី៩ ខែមេសា ខាងមុខ

ភ្នំពេញ: ថ្លែងបញ្ជាក់តាមបណ្តាញទំនាក់ទំនងសង្គម WhatsApp នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌព្រែកព្នៅ ថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ លោក នឹងចូលខ្លួនទៅបំភ្លឺនៅចំពោះមុខ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ ដោយមិនបារម្ភរឿងត្រូវតុលាការឃាត់ ឬឃុំខ្លួនឡើយ។

លោក ស៊ូ ស៊ីវុត្ថា បន្ថែមថា លោកបានត្រៀម មេធាវី និងភស្តុតាង ជាច្រើនរួចហើយ ដើម្បីយកទៅបង្ហាញជូនលោកចៅក្រមស៊ើបសួរ អំពីការពិតដែលអាចបញ្ជាក់ថា លោកជាមនុស្សស្អាតស្អំ មិនបានប្រព្រឹត្តដូចជាការចោទប្រកាន់របស់តំណាងអយ្យការនោះទេ។

សូមបញ្ជាក់ថា លោក ស៊ូ ស៊ីវុត្ថា ត្រូវបានលោក ស៊ិន វិរ: ជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរ តាមបណ្តឹងរបស់លោក នុត រស្មី ជាជំនួយការផ្ទាល់របស់លោកឧកញ៉ា សុខ ហេង និងបានសម្រេចចោទប្រកាន់ ពីបទ ក្លែងដោយ អ្នកជំនាញ ប្រព្រឹត្តនៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យោងតាមមាត្រា៥៥១ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា លោកឧកញ៉ា សុខ ហេង និងជំនួយការផ្ទាល់របស់លោកឈ្មោះ នុត រស្មី ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រោយពីមានចំណារ ឯកភាព របស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តបតាមបណ្តឹងរបស់ពលរដ្ឋឈ្មោះ លីវ សុខហួង ឈ្មោះ លឹម សុជាតិ និងឈ្មោះ មាស រ៉ាវុធ។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ បានសម្រេចចេញដីកា បង្គាប់ឲ្យឃុំខ្លួន លោកឧកញ៉ា សុខ ហេង ជាបណ្តោះអាសន្ននៅពន្ធនាគារ រាជធានីភ្នំពេញ បានមួយរយ: ក៏ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំវិញ។

សូមជម្រាមជូនថា លោកឧកញ៉ា សុខ ហេង មិនមែនមានទំនាស់ដីធ្លី តែនៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មួយកន្លែងនោះឡើយ លោកឧកញ៉ាល្បីឈ្មោះ រូបនេះ ក៏មានរឿងរ៉ាវទំនាស់ដីធ្លី ចំនួន ១០៤ ហិចតាទៀតនៅចំណុច ដីរួម ៧ភូមិ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ផងដែរ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ លោកស្រី ឌី សារៀម ដែលកាលនោះនៅមានតួនាទីជាចៅសង្កាត់ពន្សាំងនៅឡើយ បានដឹកនាំ លោកប្រធានភូមិ លោកអនុប្រធានភូមិ និងពលរដ្ឋជាម្ចាស់ដីជាច្រើននាក់ ធ្វើសន្និសីទកាសែត នៅលើដីទំនាស់នោះ បញ្ជាក់ថធា លៅកឧកញ៉ា សុខ ហេង មិនមែនជាម្ចាស់ដី និងថែមទាំងបាន ចោទប្រកាន់លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ថា បានយកលុយពី លោកឧកញ៉ា សុខ ហេង ចំនួន ២ម៉ឺនដុល្លារ ទៅសូកប៉ាន់ និងគំរាមលោកស្រី ឱ្យចុះហត្ថលេខា ទទួលស្គាល់ ប័ណ្ណកម្មសិទ្ធដីធ្លី របស់លោកឧកញ៉ា សុខ ហេង ដែលកោសលុប ចំនួន ៤ច្បាប់ ប៉ុន្តែលោកស្រីមិនព្រមធ្វើតាម ក៏ត្រូវលោក សុខ សម្បត្តិ ដកបេក្ខភាពលោកស្រីពីចៅសង្កាត់ពន្សាំងថែមទៀតផង។

ទោះជាយ៉ាងណាកាលពីពេលនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកភព្នៅ ដោយអមជាមួយមន្ត្រីជំនាញរបស់លោកផង បានអះអាងទទួលស្គាល់ថា ពិតជាបានយកលុយចំនួន ២ម៉ឺន ដុល្លារ ពីលោកឧកញ៉ា សុខ ហេង ទៅឲ្យលោកស្រី ឌី សារៀម ដើម្បីជួយអភិវឌ្ឍសង្កាត់មែន ដោយមិនមានបំណងសូកប៉ាន់អ្វីនោះទេ៕

មតិយោបល់