Post News Media ព័ត៌មានជាតិ ស៊េរីទំនើប២គ្...

ស៊េរីទំនើប២គ្រឿង បុកគ្នាពេញទំហឹង ខ្ទេចទាំងសងខាង

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោកជាំ បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនរេពេញផ្លូវ ទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះកើតឡើងខាងមុខបុរីវីឡាទួលសង្កែ ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើកហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក តូយូតាហ៊ីរ៉ូ ពណ៌ស្លែ ជាប្រភេទរថយន្តពីរបាំង ពាក់ស្លាកលេខ ភ្នំពេញ2A-6699 ដោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿននិងរេពេញផ្លូវ។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានរេចង្កូតទៅខាងឆ្វេង ទៅបុករថយន្តមួយគ្រឿងទៀតម៉ាក នីសាន់ណាវើរ៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-5263 ដែលបើកបរដោយបុរសនារីប្រហែល៣នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២រងការខូចខាតកំពឹតផ្នែកខាងឆ្វេងយ៉ាងដំណំ តែមិនបង្កឲ្យមាននាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ហើយបានពិនិត្យវាស់ជាតិអាល់កុលលើអ្នកបើកបររថយន្តបង្ក ជាលទ្ធផលឃើញថាបុរសដែលជាអ្នកបើកបររថយន្តបង្កមានផ្ទុកជាតិអាកុលចំនួន១.២២ក្នុងមួយលីត្រខ្យល់ ហើយសមត្ថកិចជំនាញក៏បានធ្វើការឃាត់ខ្លួនបុរសខាងលើភ្លាមៗបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ដោយឡែករថយន្តទាំង២ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Loading...