ព័ត៌មានជាតិ

បុរសដែលប្រើហិង្សាលើប្រពន្ធ និងធ្វើទារុណកម្មផ្លូវភេទ ថតវីដេអូរួមភេទ បានសារភាពទទួលកំហុសនិងទទួលទោសតាមច្បាប់!

​ភ្នំពេញ: នៅទីបំផុត ជនសង្ស័យឈ្មោះ នឹម ឈីន ដែលកំពុងល្បីក្នុងបណ្តាញហ្វេសប៊ុក ពាក់ព័ន្ធករណីបង្កហិង្សាលើប្រពន្ធ ធ្វើទារុណកម្មផ្លូវភេទ ថតវីដេអូស៊ិច និងគំរាមបង្ហោះវីដេអូជាសាធារណ: ត្រូវបានបញ្ជូនចូលដល់ពន្ធនាគារជាស្ថាពរហើយ។

បើទោះបីជាបណ្តឹងនារីរងគ្រោះជាប្រពន្ធ និង ចម្លើយសារភាពបុរសជាប្តី ពុំស៊ីសង្វាក់គ្នា ហើយនារីរងគ្រោះ ពុំបានផ្តល់ ភស្តុតាងជាក់លាក់និងការបំភ្លឺច្បាស់លាស់ ដល់សមត្ថកិច្ច ក៏អាវុធហត្ថរាជធានីភ្នំពេញ នៅតែប្រឹងប្រែងបន្តកសាងនិតិវិធី និងប្រមែប្រមូលភស្តុតាង សម្រាប់ដាក់បន្ទុក ឲ្យធ្ងន់ធ្ងរ ចំពោះជនសង្ស័យជាប្តី មិនឲ្យរួចខ្លួនឡើយ។
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថ បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យករណី អំពើហឹង្សា ក្នុងគ្រួសារ (លើអនីតិសង្វាស) គំរាមបង្ហោះរូបភាពស៊ិច អំពើទារុណកម្មផ្លូវភេទ ប្រើប្រាស់និងជួញដូរគ្រឿងញៀន ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជន សង្ស័យ ក្រោមការត្រួតពិនិត្យពីបទ ទារុណកម្ម, អំពើឃោរឃៅ និងជួញដូរប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ ហើយជនសង្ស័យក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចូលដល់ពន្ធនាគារក្នុងមណ្ឌលអប់រំកែប្រែទី១(ព្រៃស) ក្នុងថ្ងៃទី២៣ វេលាម៉ោង ១៥និង០០នាទី នេះផងដែរ។

ព្រមជាមួយគ្នានោះ អាវុធហត្ថរាជធានីភ្នំពេញបានបដិសេធដាច់អហង្កា ចំពោះព័ត៌មានLiveតាមហ្វេសប៊ុក កាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដែលលើកឡើងថា “នារីរងគ្រោះមានការភ័យជាលើកទី៣ ក្រោយត្រូវប្តីកំណាចតែងតែ គំរាមឲ្យ អារប្រដាប់ភេទនិងប្រើហិង្សាជាង១ឆ្នាំត្រូវអាវុធចាប់ខ្លួន បានទូរស័ព្ទមកគំរាមសម្លាប់មួយគ្រួសារ បើសិនជាគេ រួចខ្លួន” គឺជាការបំភ្លើសការពិត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។

សមត្ថកិច្ចអាវុធហត្ថសូមលើកហេតុផល មួយចំនួន ជូនដល់សាធារណជនពិចារណា៖
១.ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី២០/០៣/២០១៨ ក្រោយពេលឃាត់ខ្លួន សម្ភារ:និងវត្ថុតាងជាប់ខ្លួន របស់ជន សង្ស័យ ទាំងប៉ុន្មាន ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើកំណត់ហេតុដកហូតនិងរក្សាទុក យ៉ាងហ្មត់ចត់ ក្នុងនោះរួមមានទាំងទូរស័ព្ទដៃរបស់ជនសង្ស័យ ក៏ត្រូវបានដកហូត មិនឲ្យ ប្រើប្រាស់ និងរក្សាទុកក្នុងបន្ទប់សុវត្ថិភាពចាក់សោត្រឹមត្រូវ និងមានសមត្ថកិច្ចយាមប្រចាំការ ឃ្លាំមើល ជនសង្ស័យ ដែលឃុំខ្លួន បណ្តោះអាសន្ន យ៉ាងយកចិត្តទុកដាក់ ដូច្នេះគ្មានហេតុផលណាមួយ ដែលជនសង្ស័យ មានទូរស័ព្ទ អាចហៅទៅគំរាមជនរងគ្រោះបាននោះឡើយ ហើយបើពិតជាអាចយកទូរស័ព្ទហៅទៅបានមែននោះ ម្លេះសម រូបភាពវីដេអូរួមភេទ ដែលជនរងគ្រោះនិងជនសង្ស័យបានថតរក្សាទុកក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យ ច្បាស់ជា ត្រូវបែកធ្លាយ បង្ហោះចែកចាយ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកជាក់ជាមិនខាន។

២.ជនរងគ្រោះគ្រាន់តែនិយាយដោយខ្លួនឯងថា ជនសង្ស័យបានទូរស័ព្ទទៅគំរាម តែមិនបានយកទូរស័ព្ទមកបង្ហាញអំពី លេខឬម៉ោង ដែលជនសង្ស័យបានទូរស័ព្ទទៅឡើយ។
៣.ជនរងគ្រោះនិងជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាមួយគ្នាជាង១ឆ្នាំមកហើយ (ជក់ក្នុងបន្ទប់ផ្ទះជួល) ហើយប្រហែល១ឆ្នាំមកនេះ ជនសង្ស័យតែងតែចំណាយលុយម្តងចំនួន២០ទៅ៦០ម៉ឺនរៀល ដើម្បីទិញគ្រឿងញៀន មកលក់បន្តនៅក្នុងបន្ទប់ជួលរបស់ខ្លួនផងដែរ ។ នៅថ្ងៃទី១៣ /០៣ /២០១៨ ពួកគេបានឈ្លោះគ្នា ហើយនៅ ថ្ងៃទី១៦ ទើបជន រងគ្រោះចេញពីផ្ទះ នៅថ្ងៃទី១៧ជនសង្ស័យបានឆាតវីដេអូរួមភេទទៅគំរាមឲ្យប្រពន្ធមកផ្ទះវិញ តែនៅថ្ងៃ ទី២០ ទើបជនរងគ្រោះ រត់ទៅប្តឹងដល់សារព័ត៌មាន ហើយក្រុមអ្នកសារព័ត៌មាន ក៏បាននាំជនរងគ្រោះ មកជួប សមត្ថកិច្ច ហើយសមត្ថកិច្ចអាវុធហត្ថ ក៏ចុះអនុវត្តនាំខ្លួនជនសង្ស័យ តាមការចង្អុលបង្ហាញរបស់ជនរងគ្រោះ។ ប៉ុន្តែបណ្តឹងរបស់ជនរងគ្រោះនិងចម្លើយជនសង្ស័យ គឺមិនស៊ីសង្វាក់គ្នា ដោយមាន ចំណុចស្រពិចស្រពិលជាច្រើន ជាពិសេស ជនរងគ្រោះ មិនមានភស្តុតាងច្បាស់លាស់មកបង្ហាញសមត្ថកិច្ចផងដែរ។

បើត្រឹមតែសម្តីតែម្ខាងៗ ដោយមិនមានមូលដ្ឋានច្បាប់ គ្មានភស្តុតាងនិងសាក្សីជាក់លាក់ នោះសមត្ថកិច្ចក៏មិនធ្វើការ ចោទប្រកាន់ នណាម្នាក់តាមតែចិត្តនោះឡើយ រីឯការជេរដៀលត្មេះសមត្ថិកិច្ចដោយគ្មានការពិចារណា និងមិនដឹងអំពីនិតិវិធី នៃច្បាប់ ពុំមែនជាទង្វើត្រឹមត្រូវរបស់ពលរដ្ឋស្លូតត្រង់ ដែលរស់នៅក្នុងប្រទេស និតិរដ្ឋ នោះដែរ។ ពាក្យចាស់លោកពោលថា ” ប្រទេសមានច្បាប់ គ្រួសារមានវិន័យ “៕

មតិយោបល់