ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួន មន្ត្រីពេទ្យយោធាយម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើនារីជាសង្សារ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនបុរសជាមន្ត្រីពេទ្យយោធា ម្នាក់ដែលមានឋានន្តរស័ក្តិអនុសេនីយ៍ឯក ដែលបានធ្វើទារុណកម្មទៅលើនារីជាសង្សារ ដោយយកខ្សែ និងកន្សែងចង ដៃចងជើង ចងក និងចាក់សោរ បង្ខាំងនៅក្នុងបន្ទប់ជួល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ដតាមនីតិវិធី ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ អឹក សំអាង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាមន្ត្រីពេទ្យ យោធា ពាក់ស័ក្តិ៣ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ។

ចំណែកនារីរងគ្រោះឈ្មោះ ស.យ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានស្រុកកំណើត ស្រុកពញឮ ខេត្តកណ្តាល។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យ បានធ្វើទារុណកម្មទៅលើនារីរងគ្រោះជាសង្សារ ដោយបានវាយដំ រួចយកខ្សែ និងកន្សែងចង ដៃចង ចងក ជនរងគ្រោះ រួចបានចាក់សោរបង្ខាំងជនរងគ្រោះនៅក្នុងបន្ទប់ជួល ហើយបានរត់គេចខ្លួនបាត់បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ៕

មតិយោបល់