ព័ត៌មានជាតិ

Update៖ រថយន្តHINO បុកម៉ូតូZoomer-X ស្លាប់ម្នាក់យ៉ាងរន្ធត់!

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណ:ដែលជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តកុងតឺន័រម៉ាកហ៊ីណូ បើកមកបុកពេញទំហឹង កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សែម យ៉ត ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក Zoomer-X ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GH-5129 ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-367 ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនក៏រេចង្កូតមកបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅនគរបាលជំនាញមកស្ទូចរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់