Post News Media ព័ត៌មានជាតិ នារី២នាក់ បើក...

នារី២នាក់ បើករថយន្តលឿនពេក ទៅជល់នឹងរថយន្តក្រុង៤៥កៅអី

ភ្នំពេញ: នារី២នាក់ បើកបររថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែក ក៏ជ្រុលទៅបុករថយន្តក្រុង៤៥កៅអីមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវហាណូយ កែងនិងផ្លូវសម្តេចជាស៉ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើកហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយលឿង ជាប្រភេទរថយន្តក្រុង៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3D-6689 និងអ្នកដំណើរជាច្រើននាក់ទៀតរួមដំណើរពីក្រោយ ដែលទើបតែចេញមកពីកម្មវិធីបុណ្យនៅខេត្តកំពង់ស្ពឺ បំណងបើកត្រឡប់ទៅផ្ទះវិញម្តុំអូរឬស្សី ដោយបើកបរតាមបណ្តោយផ្លូវសម្តេចជាស៉ីម ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវហាណូយឆ្ពោះទៅផ្លូវឧកញាម៉ុងរិទ្ធី ខ​ណ:ដែលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-2951 ដែលបើកបរដោយនារី២នាក់ តាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្តក្រុងខាងលើចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរថយន្តក្រុងរងការខូចខាតក្រពឹតផ្នែកខាងស្តាំ។ ចំណែកឯរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុហើយបានឲ្យភាគីទាំង២និយាយចរចារដោះស្រាយគ្នា ហើយដោយភាគីទាំង២មិនចង់មានរឿងវែងឆ្ងាយក៏ព្រមសម្រប់សម្រួលគ្នាយករថយន្តទៅជួសជុលដោយខ្លួនឯងរៀងខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Loading...