ព័ត៌មានជាតិ

Update៖ ជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយទៀតបុកទាំងកំរោល ស្លាប់បុគ្គលិកក្រុមហ៊ុនគូប៊ូតាម្នាក់ និង៣នាក់ទៀតរបួស

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូឌ្រីមសង់មួយគ្រឿង ទើបមកពីទិញបាយឆា បោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះ សុក ជំនោ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងស្នាក់នៅក្រុមហ៊ុន គូប៊ូតា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅភូមិធ្នកវៀន ឃុំធ្នកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ រីឯជនរងគ្រោះរបួសធ្ងន់និងស្រាល ពុំស្គាល់អត្តសញ្ញាណនោះទេ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់និងស្រាល៣នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ដែលម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ប៉ៃលិន 1A-5279 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅពីជើងទៅត្បូង ទិសដៅបញ្ច្រាសផ្លូវ ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្លងផ្លូវខាងវិញ តែពេលឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-3402 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងទិសដៅបញ្ច្រាសគ្នាបានមកបុកពេញទំហឹងចំ ចំហៀងកន្ទុយម៉ូតូដែលកំពុងឆ្លងផ្លូវ បណ្ដាលឲ្យភាគីខាងម៉ូតូ០១៥ ដួលអូសជិត១០ម៉ែត្រ និងបោកក្បាលជាមួយថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកភាគីខាងម៉ូតូ០១០វិញ បានរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសាមុយបានមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ រីឯ២នាក់ទៀតដែលរបួសស្រាល បានគេចខ្លួនពីកន្លែងកើតហេតុបាត់ ។ បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាន នៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពបុរសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់សាច់ញាតិក្រុមគ្រួសារ នៃសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់