ព័ត៌មានជាតិ

រថយន្តស៊េរីទំនើកម៉ាកសឺដេស បុករថយន្តហ្វតរ៉េនជឺ និងរថយន្តម៉ាកសឺដេស១ទៀតខ្ទេច រួចព្យាយាមបើករត់!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើកម៉ាកសឺដេសមួយគ្រឿង រេចង្កូតទៅបុករថយន្តហ្វតរ៉េនជឺពីក្រោយ រុញទៅបុករថយន្តម៉ាកសឺដេសមួយគ្រឿងទៀត ចតនៅមុខហាង បណ្តាលខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កព្យាយាមបើករត់ តែត្រូវដេញចាប់បានមកវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហាងយីហោ (ស្តាឡា ដេលមីត) តាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2N-3228 ទើបនឹងចេញពីជប់លៀងនៅផ្សារសុីខេ បានធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកស្តាំដៃជ្រុលបុករថយន្តម៉ាកហ្វតរ៉េនជឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-9709 ដែលម្ចាស់ចូលហូបចុកនៅក្នុងហាងចតនៅចំណុចកើតហេតុ ស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តហ្វតរ៉េនជឺ រុញទៅមុខបុករថយន្តម៉ាកសឺដេសមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-2223 ពី ក្រោយដែលម្ចាស់ចតចូលទៅហូបចុកជាមួយគ្នាពេញទំហឹង បណ្តាលរថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់គេចខ្លួន ភ្លាមៗនោះម្ចាស់រថយន្តរងគ្រោះឃើញហេតុការណ៍បាននាំគ្នាដេញតាមមកចំណុចមុនសាលាអនុវត្ត តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបានទាំងតៃកុងនិងរថយន្តបានភ្លាមៗ។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានខាងតំណាងខាងម្ចាស់រថយន្តបង្កបានមកសម្រុះសម្រួលគ្នាដោយខាងភាគីបង្កព្រមចេញថ្លៃជួសជុលរថយន្តរងគ្រោះទាំង២គ្រឿងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់