ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនជនសង្ស័យប្រុសស្រី៥នាក់ ដែលពាក់ព័ន្ធ រឿងឃាតកម្ម លើស្ត្រីមេម៉ាយនៅក្រុងដូនកែវ មកសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ: ក្រោយពីបាន នាំខ្លួនមកសាកសួរនៅអស់ជាច្រើនម៉ោងរួចមក នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យប្រុសស្រីជានគរបាលខេត្ត តាកែវ ៥នាក់ នៅក្នុងចំណោមនោះមានអតីតស្នងការរងខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវម្នាក់ផង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណី ឃាតកម្មលើស្ត្រីមេម៉ាយ ម្នាក់នៅកណ្តាលក្រុងដូនកែវ ខេត្តតាកែវ។

សូមបញ្ជាក់ថា លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ និងជា បងប្រុសបង្កើតរបស់លោក ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវ រួមនឹង ជនសង្ស័យប្រុសស្រី ៤ នាក់ទៀត ត្រូវបាន កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ក្រោយពេលរកឃើញថា មានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើស្ត្រីមេម៉ាយកូន៣ រូបស្រស់ស្អាតម្នាក់នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា ឆ្នាំ២០១៨។

គួររំលឹកថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ភ្លាមៗ ករណីនេះត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា។

ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីខាងលើ មិីនមែនជារឿង អត្តឃាតឡើយ ពោលគឺរឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុក។

យោងតាមព័ត៌មានចុងក្រោយពី មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មេខ្លោងធំក្នុងអំពើ ឃាតកម្មនេះ ត្រូវបាននគរបាលឃាត់ខ្លួនហើយ៕

មតិយោបល់