ព័ត៌មានជាតិ

Update៖ ស្ត្រីម្នាក់ខ្ទេចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ដោយសាររថយន្តដឹកថ្មធុនធំកិន!

​ភ្នំពេញ: ស្ត្រីម្នាក់ត្រូវរថយន្តធុនធំដឹកថ្ម១គ្រឿងបុកម៉ូតូពីក្រោយកិនខ្ទេចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលរូបគាត់បានជិះម៉ូតូឌុបមកពីស្រុកកំណើតបំណងមកផ្ទះនៅភ្នំពេញខណ្ឌពោធិ៍សែនជ័យ។

ករណីដ៏រន្ធត់នេះបានកើតឡើងកាលវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ទី០១ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចផ្លូវភ្នំពេញហាណូយ(១០១៩)កែងនិងផ្លូវបេតុងចូលទៅមណ្ឌលកែប្រែឱកាសខ្ញុំ ស្ថិតក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សពស្ត្រីរងគ្រោះមានឈ្មោះ អោក កេង អាយុ៦០ឆ្នាំ ស្នាក់ផ្ទះលេខB១Lផ្លូវលំ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិព្រែកតាតែន ឃុំព្រែកតាតែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។

ចំណែកអ្នកបើកបរបង្កឈ្មោះ មាគ វិបុល ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិទូករទះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីបុរសអ្នករត់ម៉ូតូឌុបបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BX7964 ក្នុងបំណងចេញទៅរត់ឌុបហើយក៏ជួបស្ត្រីរងគ្រោះខាងលើដែលគាត់មកពីធ្វើបុណ្យនៅឃុំព្រែកតាតែន ស្រុកពញាឮ ខេត្តកណ្តាល មកផ្ទះគាត់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុផ្លូវបំបែកក៏មានរថយន្ត១គ្រឿងបើកឆ្លងកាត់ក្នុងទិសដៅពីលិចទៅកើត។ ពេលនោះអ្នកបើកបរម៉ូតូបានបត់ស្តាំងចូលទៅផ្លូវបេតុង ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកFUSOធុនធំដឹកថ្ម ពាក់ស្លាកលេខភ្នំពេញ3A1315បើកមកពីក្រោយក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយជាន់ហ្វ្រាំងមិនទាន់ក៏បួងចង្កូតគេចនិងរថយន្តដែលបើកឆ្លងកាត់នោះហើយក៏ទៅបុកនិងម៉ូតូខាងលើ បណ្តាលឲ្យធ្លាក់ស្ត្រីរងគ្រោះពីលើម៉ូតូ ហើយរថយន្តក៏កិនខ្ទេចខ្លួនស្លាប់ភ្លាមៗតែម្តង ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុមាននគរបាលមូលដ្ឋាននិងនគរបាលចរាចរណ៍ខណ្ឌសែនសុខ ចុះមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនបានអ្នកបើកបររថយន្តបង្កយកទៅធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ។ ចំណែកសពត្រូវដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្កនិងម៉ូតូរួមនឹងអ្នកបើកបររថយន្តត្រូវយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់