ព័ត៌មានជាតិ

ហាយឡែនឌ័រ ពន្លះម៉ូតូស្មាស់រ៉េវ៉ូពេញទំហឹង ត្រង់ផ្លូវបែកជា៤ របួសធ្ងន់ម្នាក់

ភ្នំពេញ: រថយន្តហាយឡែនឌ័រ មួយគ្រឿងបុកម៉ូតូគាបជាប់ក្រោមរថយន្ត នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៤៥នាទីយប់ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតតាមបណ្តោយផ្លូវ ព្រះអង្គអេង កែងផ្លូវ ព្រះអង្គឌួង ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-9973 បើកបរក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង មិនប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-9130 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតដល់ផ្លូវបែកជាបួន ក៏បុកម៉ូតូជាប់ក្រោមរថយន្តបណ្តាលឲ្យបុសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានមកវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់