Post News Media ព័ត៌មានជាតិ សាហាវទៀតហើយ! ...

សាហាវទៀតហើយ! កាមរីហើម ពន្លះរថយន្តមន្ត្រីរាជការ និងរថយន្តមន្ត្រីនគរបាល ខ្ទេចនិងក្រឡាប់ ជាច្រើនគ្រឿង!

រតនគិរី: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយបានកើតឡើង ដោយមានរថយន្ត៣គ្រឿង បានបុកគ្នា បណ្តាលឲ្យរថយន្តខ្លះត្រូវក្រឡាប់ និងខ្លះទៀតរងការខូចខាតស្ទើរទាំងស្រុង ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១៥នាទី ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចុះទួលអូរត្រាវ លើផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តរងគ្រោះ ឈ្មោះ និន ឆោម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មន្រ្ដីរាជការ មានទីលំនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី (គ្មានរបួស) បើករថយន្តម៉ាកនីសាន់ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7618។

អ្នកបើកបររថយន្តម៉ាកហាយប្រ៊ីជ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2S-5158 ឈ្មោះ ជួន សុវណ្ណាមិ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរ នគរបាល នៅភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី (គ្មានរបួស)។

អ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តមួយគ្រឿង ម៉ាកកាមរីហើម ពណ៌ប្រផេះ ពាក់ស្លាកលេខ 2D-5854ភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ឃាត់ខ្លួនអ្នករួមដំណើរក្នុងរថយន្តបង្កចំនួនម្នាក់ ឈ្មោះ ឡេង លី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ រស់នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងបញ្ជូនវត្ថុតាង មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕

Loading...