ព័ត៌មានជាតិ

តុលាការកាត់ទោស នគរបាលស័ក្តិ៤ ដែលទាត់ធាក់ មន្ត្រីជាប់កិច្ចសន្យា របស់សាលារាជធានី

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស នគរបាលស័ក្តិ៤ នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យាម្នាក់ ពាក់ព័ន្ធសំណុំរឿង ហិង្សា វាយទាត់ធាក់ មន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា សាលារាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៨កន្លងទៅ។

លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ ៣៣ឆ្នាំ ជានគរបាលការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ អឿន ចំណាន ភេទប្រុស ជាមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា សាលារាជធានីភ្នំពេញ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណ: ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា២១៧ មាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ ជនជាប់ចោទបានឆ្លើយថា ជនជាប់ចោទ ឈ្មោះ សៅ បញ្ញ ថាមូលហេតុដែលខ្លួន ទៅវាយទាត់ធាក់ជនរងគ្រោះ ព្រោះចង់ជម្រះបញ្ជីចាស់ ដែលមានទំនាស់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ មុនថ្ងៃកើតហេតុមួយថ្ងៃ។

នៅក្នុងសវនាការ ជនរងគ្រោះមិនបានទាមទារសំណងអ្វីទៀតទេដោយសារតែ ទទួលសំណងក្រៅប្រព័ន្ធតុលាការ និងដកពាក្យបណ្តឹងរួចហើយ។

គួររំឭកថា លោក ពេជ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ
បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាប់ចោទខាងលើកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

សូមបញ្ជាក់ សមត្ថកិច្ច បានឃាត់ខ្លួនជនជាប់ចោទ ខាងលើ ក្រោយពេលមានការបែកធ្លាយនូវវីដេអូ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលជននេះបាន ធាក់ជនរងគ្រោះចំកណ្តាលដើមទ្រូងប៉ើងទៅក្រោយ និងបានជេរប្រមាថ គំរាមកំហែងជនរងគ្រោះថែមទៀតផង។

សមត្ថកិច្ចបានឲ្យដឹងថា ដើមចមដែលឈានដល់ការប្រើហិង្សាលើជនរងគ្រោះ គឺព្រោះតែជនរងគ្រោះបាន អនុវត្តច្បាប់ចរចរណ៍ ប៉ុន្តែការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនេះ ត្រូវបានលោកស័ក្តិ៤ សៅ បញ្ញា ជាម្ចាស់រថយន្ត ម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍នោះ បញ្ជាឲ្យលត់ជង្គង់សុំទោស និងធាក់មួយជើងចំកណ្តាលដើមទ្រូង ផ្ងារទៅក្រោយ ថែមទាំងបានជេរប្រមាថ គំរាមកំហែងថែមទៀតផង។

ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវបានតុលាការ លើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ខាងមុខ៕

មតិយោបល់