ព័ត៌មានជាតិ

រថយន្តស៊ិនទ្រី បើកឡើងផ្លូវចំណោតអកហ្សើម៉ូតូ រអិលថយក្រោយប៉ះហាយឡែនឌ័រ ខូចខាតយ៉ាងដំណំ!

​ភ្នំពេញ: រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីបើកឡើងចំណោតអកហ្សើនឹងម៉ូតូសិស្សសាលាបើកកាត់មុខជាន់ហ្រ្វាំងបង្អង់រលត់ម៉ាស៊ីនថយក្រោយបុករះរថយន្តម៉ាកហាយឡែនឌ័ររងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចមុខទីស្នាក់ការភូមិមត្តភាព ក្នុងភូមិមត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រថយន្តបង្ករបស់ក្រុមហ៊ុនស៊ិនទ្រី អ្នកបើកបរឈ្មោះ ឈុំ សុភក្ត្រ័ ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ចំណែករថយន្តរងគ្រោះម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2A-8125 ម្ចាស់រថយន្តឈ្មោះ ជូ លឹមហៀង ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តក្រុមហ៊ុនស៊ិនទ្រីបង្ក នៅមុនពេលកើតហេតុ រថយន្តបានបើកចេញពីក្រុមហ៊ុនដើម្បីដើរប្រមូលសំរាមនៅភូមិកើតហេតុខាងលើ។ បន្ទាប់ពីប្រមូលសំរាមរួចរាល់ហើយក៏បានបើកចេញទៅវិញបើកបរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ខណ:ដែលបើកឡើងផ្លូវចំណោតចំណុចផ្លូវកោងផងក៏មានម៉ូតូសិស្សសាលាមិនចាំម៉ាកមួយគ្រឿងបើកកាត់មុខធ្វើឲ្យអ្នកបើកបរចាប់ទុចរលត់ម៉ាស៊ិនរអិលថយក្រោយមកខាងឆ្វេងដៃ ចាប់ហ្រ្វាំមិនស៊ីប៉ះរថយន្តម៉ាកហាយឡែនឌឺរដែលកំពុងចតចោលនៅមុខទីស្នាក់ការភូមិមិត្តភាព បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងដោយឲ្យម្ចាស់រថយន្តទាំង២គ្រឿងធ្វើការដោះស្រាយគ្នាមួយជំហ៊ានសិន។ ចំណែកឯម្ចាស់រថយន្តរងគ្រោះបានទាមទារសំណងចំនួន១ពាន់ដុល្លារ រីឯអ្នកបើបររថយន្តបង្កគ្មានលទ្ធភាពកំពុងចរចាគ្នានៅកន្លែងកើតហេតុឡើយទេបើគិតត្រឹមម៉ោងជាង២រសៀលថ្ងៃដដែល៕

មតិយោបល់