ព័ត៌មានជាតិ

ស្រវឹងស្រាឈ្លោះគ្នា ដណ្ដើមកន្ត្រៃពីប្រពន្ធមុតស្លាប់ខ្លួនឯង!

ភ្នំពេញ: បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកបានស្លាប់ក្រោយពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត។
ក្រោយពេលដែលគាត់ស្រវឹងស្រារួចមានទំនាស់គ្នាជាមួយប្រពន្ធហើយបានទាញកន្ត្រៃប្រុងចាក់ប្រពន្ធ ប៉ុន្តែត្រូវបានប្រពន្ធចាប់កាន់កន្ត្រៃនោះដែរ ពេលនោះក៏មានការដណ្ដើមគ្នាទាញទៅទាញមកក៏ត្រូវចុងកន្ត្រៃមុតចំដើមទ្រូងតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង៥នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៨ នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

បុរសដែលស្លាប់ខាងលើនេះឈ្មោះ អៀង ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរកម្មករនៅសិប្បកម្មផលិតនំបញ្ចុក ចំណែកប្រពន្ធឈ្មោះ អឿន គឹមអាន អាយុ២២ឆ្នាំ អ្នកទាំង២នាក់នេះ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើបានស្រវឹងស្រាហើយបានមានទំនាស់គ្នាជាមួយប្រពន្ធ បន្ទាប់មកបានយកកន្ត្រៃក្នុងបំណងចាក់ទៅលើស្រ្តីជាប្រពន្ធ។ ដោយមានការភ័យខ្លាចប្រពន្ធបានចូលទៅចាប់កាន់កន្ត្រៃមួយនោះដែរ ដោយនាងកាន់បានខាងដង រីឯប្ដីកាន់ខាងផ្លែ ខណ:នោះបានទាញដណ្ដើមគ្នាទៅវិញទៅមកស្រាប់តែភ្លាត់កន្រ្តៃបុកចំដើមទ្រូង បណ្ដាលឲ្យមុតដួលរងរបួសធ្ងន់ធ្ងរតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកទើបស្លាប់។ បន្ទាប់មកក្រុមគ្រួសារបាននាំយកសាកសពត្រឡប់មកផ្ទះវិញហើយហៅនគរបាលចុះទៅពិនិត្យកោសល្យវិច័យតាមជំនាញ។ ចំណែកនគរបាលខណ្ឌដង្កោបានធ្វើការរារាំងមិនឲ្យអ្នកកាសែតថតរូបជនរងគ្រោះឡើយ ដោយនិយាយថានេះជាបទបញ្ជារបស់ថ្នាក់លើ៕

មតិយោបល់