ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ឯក ឧកញ៉ា ហូរ ចំរើន កុំឲ្យចេះតែ បាញ់បោះសេរី បំភ័យប៉ាក្មេកទៀត!

​ភ្នំពេញ: យោងតាមការបញ្ជាក់របស់ សមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន លោកឧត្តមសេនីយ៍ឯក ឧកញ៉ា ហូ ចម្រើន ដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន សិនកុំឲ្យលោកឧត្តមសេនីយ៍ឯក ឧកញ៉ា រូបនេះ អាចបន្តសកម្មភាព បាញ់បោះសេរី បំភ័យ ប៉ាៗក្មេក ផ្កាយ២តទៅទៀត។

លោកព្រះរាជអាជ្ញារង សៀង សុខ ជាតំណាងអយ្យការកាន់សំណុំរឿង បានបញ្ជាក់តាម Telegram ថា លោកបាន បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើ លោកឧត្តមសេនីយ៍ឯក ឧកញ៉ា ហូរ ចម្រើន ពីបទ គំរាមកំហែងថានឹងសម្លាប់ យោងតាមមាត្រា ២៣៣នៃក្រមព្រហ្មទណ្ឌ។

យោងតាមបទចោទប្រកាន់ឧត្តមសេនីយ៍ឯក ឧកញ៉ា ហូរ ចម្រើន អាចប្រឈម ការផ្តន្ទាទោស ពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។

សូមបញ្ជាក់ថា ជនសង្ស័យលោកឧត្តមសេនីយ៍ឯក ឧកញ៉ា ហូរ ចម្រើន ត្រូវបាននគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។

សមត្ថកិច្ច បានឃាត់ខ្លួន លោកឧត្តមសេនីយ៍ឯក ឧកញ៉ា ហូរ ចម្រើន ពាក់ព័ន្ធ ករណីបាញ់បោះជិត១០គ្រាប់ គំរាម លោកផ្កាយ២ យិន គា ដែលជាប៉ាៗក្មេក ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុច ផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

មតិយោបល់