ព័ត៌មានជាតិ

រថយន្តព្រូស ពន្លះឌ្រីមសង់របួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: បុរសម្នាក់ បានបើករថយន្តមួយគ្រឿងយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨
ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចជិតស្តុបអ៊ីខាង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌមានជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-2464 ពីជើងទៅត្បូងក្នុងល្បឿន លុះមកដល់ចំណុចកើត ក៏បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុកម៉ូតូឌ្រីមសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GJ-2881 បើកដោយបុរសម្នាក់ និងមានអ្នករួមដំណើរជាបុរសម្នាក់ទៀត ក្នុងទិសបញ្ច្រាសគ្នា ពីត្បូងទៅជើងពេញទំហឹង បណ្ដាលឲ្យដួលបោកថ្នល់រងរបួសធ្ងន់ និងស្រាល២នាក់ភ្លាមៗ ខណ:រថយន្តបង្កមិនព្រមឈប់នោះទេ ព្យាយាមបើករត់ទាំងដាច់ក្រឡេកង់មុខខាងឆ្វេង រហូតដល់ក្លឹមសេះមាស ទើបទៅមុខលែងរួច។

ក្រោយហេតុជនរងគ្រោះ ត្រូវរថយន្តហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ខណ:ដែលសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ និងទាក់ទងជំនាញមកវាស់វែង រួចយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់