ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់បានរថយន្ដមន្ដ្រីនគរបាលចរាចរណ៍ ដែលគេសង្ស័យថាដេញបុកប្អូនប្រុស តារាកំប្លែងនាយ ពេក មី !!!

ភ្នំពេញ: រថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ 2AP-0198 ដែលគេសង្ស័យថាបើកដេញបុកម៉ូតូប្អូនប្រុស តារាកំប្លែងនាយ ពេក មី បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់បានហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខណ:ដែលជនសង្ស័យដែលជាមន្ដ្រីនគរបាលចរាចរណ៍ បានរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះយ៉ាងដូច្នេះថាចំពោះរថយន្ដដែលគេសង្ស័យថាបានបើកដេញបុកម៉ូតូប្អូនប្រុសនាយ ពែក មី បណ្ដាលឲ្យភ័យស្លន់ស្លោរទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋរងរបួសយ៉ាងធ្ងន់ធ្ងរនោះ ត្រូវកម្លាំងនគរបាលឃាត់បានហើយ នៅល្ងាចថ្ងៃទី២០ ខែឧសភា នៅរបស់ជនសង្ស័យ ក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ តែម្ចាស់រថយន្ដរត់គេចខ្លួនបាត់ទៅហើយ។
សមត្ថកិច្ចបន្តថាជនសង្ស័យដែលបើករថយន្ដនោះ គឺជាមន្ដ្រីនគរបាលចរាចរណ៍ បម្រើការងារនៅ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្ដែពេលនេះកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមរកចាប់ខ្លួន។

សូមជម្រាបថា តារាកំប្លែងនាយ ពែក មី ស្នើឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវ និងថ្នាក់ដឹកនាំជួយអន្តរាគមន៍រកយុត្តិធម៌ ក្រោយរថយន្ដមួយគ្រឿង បើកដេញបុកប្អូនប្រុសរបស់លោក បើករថយន្ដគេចខ្លួនបាត់ស្រមោល តាំងពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ រយ:ពេល៩ថ្ងៃមកហើយ នូវពុំទាន់រកឃើញជនបង្ក និងគ្មានដំណោះស្រាយសោះ។

ពាក់ព័ន្ធបញ្ហានេះ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ករណីដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌឫស្សីកែវ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំជំរុញលើវិធានការជំនាញទាំងនីតិវិធី និងប្រតិបត្តិការ តាមអនុសាសន៍ដឹកនាំ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដូច្នេះសូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណ:ជនមេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ច។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌរស្សីកែវ។ រីឯជនរងគ្រោះក្រុមគ្រួសារឲ្យដឹងថាឈ្មោះ សាលីម ហ្វាវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនិស្សិតឆ្នាំទី៤ផ្នែកពត៌មានវិទ្យានៅសាកលវិទ្យាល័យបៀលប្រាយស្នាក់នៅភូមិខ១សង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មានក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថាតាមដែលក្រុមគ្រួសារបានដឹងពីជនរងគ្រោះនៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ1CC3869 ស្របទិសគ្នាទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៥ ខណ:មកដល់ផ្លូវភ្លោះសង្កាត់គីឡូម៉ែត្រលេខ៦ ជនរងគ្រោះបានបើកម៉ូតូពីខាងមុខឡានដោយសារភ្លៀងទើបធ្លាក់មានទឹកដក់នៅគែមផ្លូវទើបធ្វើឲ្យជនរងគ្រោះខ្លាចធ្លាក់ជង្ហុកទើបមិនហ៊ានបើកម៉ូតូមកកៀនផ្លូវ។

ប្រភពបន្តទៀតថាខណ:នោះអ្នកបើករថយន្តខាងលើបើកពីក្រោយបានស៊ីផ្លេរផងបើកហ្វារថយន្តផងៗបើកលឿនជនរងគ្រោះឃើញក៏បានអែបខាងឈប់ចំណុចផ្លូបេតុងកែងផ្លូវជាតិលេខ៥ក្នុងភូមិខ១សង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវបានប៉ះសំដីគ្នាមួយប្រាវក្រោយមកជនរងគ្រោះក៏បានសុំទោសអ្នកបើករថយន្តហើយបើកម៉ូតូចេញទៅផ្ទះ ស្រាប់តែក្រោយមកក៏ជួបរឿងខាងលើតែម្តង។
ក្រុមគ្រួសាបានបន្តដឹងទៀតថាដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេកក្រុមគ្រួសារដឹកចេញពីមន្ទីពេទ្យកាល់ម៉ែតទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេវៀតណាមកាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨៕

មតិយោបល់