ព័ត៌មានជាតិ

រថយន្ត២គ្រឿងប៉ះគ្នាតិចតួចមិនព្រមដោះស្រាយគ្នា បែរជាព្យាយាមបើករត់គេច!

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តមួយគ្រឿងទៅកៀររថយន្តមួយគ្រឿងទៀត ហើយព្យាយាមបើករត់គេចខ្លួន តែក៏ត្រូវរថយន្តរងគ្រោះបើកដេញតាមនិងស្ទាក់ចាប់បាន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ទន​: ភីធីធី តាមបណ្តោយសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាកាមរី ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AN-9203 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-2333 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ដែលបើកមកពីក្រោយក្នុងល្បឿនលឿន បានបើកវ៉ាជែងខាងស្តាំរថយន្តខាងលើ បណ្តាលឲ្យកៀររថយន្តខាងលើចំថ្ពាល់ខាងមុខចំហៀងខាងស្តាំរងការខូចខាតបន្តិចបន្តួច។ ភ្លាមៗនេះរថយន្តបង្កមិនបានឈប់ចុះមកធ្វើការដោះស្រាយគ្នានោះទេ គឺបានព្យាយាមបើករត់គេចខ្លួនទៅមុខទៀត ហើយក៏ត្រូវបានរថយន្តរងគ្រោះបើកដេញតាមពីក្រោយរហូតមកដល់ចំណុចខាងមុខខារ៉ាអូខេ សំរិទ្ធពេជ្រ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទើបអាចធ្វើការស្ទាក់ឃាត់រថយន្តបង្កបាន តែអ្នកបើកបររថយន្តនៅតែមិនព្រមចុះពីលើរថយន្តមកធ្វើការដោះស្រាយគ្នាជាមួយនិងភាគីរថយន្តរងគ្រោះនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់