ព័ត៌មានជាតិ

មេខ្លោងជួញដូរគ្រឿងញៀនម្នាក់ រត់គេចខ្លួនផុតពីកណ្តាប់ដៃសមត្ថកិច្ច បន្សល់ទុកគ្រឿងញៀន៤កញ្ចប់ និងអាវុធវែងកែច្នៃ១ដើម

កណ្តាល: មេខ្លោងជួញដូរគ្រឿងញៀនម្នាក់ បានរត់គេចខ្លួនផុតពីកណ្តាប់ដៃសមត្ថកិច្ច ដោយគ្រាន់តែបន្សល់ទុកគ្រឿងញៀន៤កញ្ចប់ និងអាវុធវែងកែច្នៃ១ដើម ត្រូវបានសមត្ថកិច្ចធ្វើការដកហូត កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ដោយគ្រាន់តែទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងលោកមេភូមិកំពង់ពោធិ៍ បានចុះដល់ចំណុចកើតហេតុ ប៉ុន្តែជនសង្ស័យឈ្មោះ ពុំ ចាន់រ៉ា បានគេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់ ។
ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ពុំ ចាន់រ៉ា បានរកឃើញ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៤កញ្ចប់ (ធំ១កញ្ចប់ , តូច៣កញ្ចប់) និងអាវុធវែងកែច្នែ ចំនួន ១ដើម នៅលើផ្ទះ ។

បច្ចុប្បន្នកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្អាង កំពុងប្រមូលផ្តុំសំណុំរឿងតាមនីតិវីធី៕

មតិយោបល់